
ស្វាយរៀង ៖ យុវជនម្នាក់ទើបចេញពីធ្វើការងារថែមម៉ោងរោងចក្រ ជិះម៉ូតូបោះពួយលឿនជ្រុល ប៉ះដៃចង្កូតជាមួយម៉ូតូផ្សេង រេចង្កូតបោលទៅបុកផ្ទប់នឹងកង់រថយន្តដែលគេចតក្នុងរោង បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ១ ចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1H-6387 ជិះចេញពីរោងចក្រដើមពោធិ៍ ក្រោយពីបញ្ចប់ការងារថែមម៉ោងវេយប់ ធ្វើដំណើរពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតហេតុ ប៉ះដៃចង្កូតជាមួយម៉ូតូផ្សេងស្របទិស ហើយរេចង្កូតបោលជ្រុលទៅបុកផ្ទប់នឹងកង់រថយន្ត ដែលគេចតទុកក្នុងរោង បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ សន្លប់ឈឹងនៅកន្លែង រីឯម៉ូតូមួយទៀតទៀតនោះ មិនដួល ក៏បានបន្តដំណើរទៅបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕