
កំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមនុស្ស ០២នាក់ទៀត បានរងរបួសធ្ងន់ស្រាលដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលរថយន្តសណ្តោងសឺមីរ៉ឺម៉កបើកលឿនបុករះម៉ូតូចំនួន ០៤គ្រឿងយ៉ាងពេញទំហឹង បណ្តាលឱ្យដួលរណូករណែលពេញផ្លូវជាតិលេខ ៤។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ០៤រសៀល ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៥ ទៅលេខ ៤៦ ចំណុចភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ដ ០១គ្រឿង ម៉ាក HINO ពណ៌លឿង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1128 សណ្ដោងសឺមីរ៉ឺម៉ក (កន្ទុយ) ពាក់ស្លាកលេខ ភ្នំពេញ 4A-1759 មិនទាន់ស្គាល់អ្នកសញ្ញាណ និងអាស័យដ្ឋាន អ្នកបើកបរនោះទេ (បានចុះរត់គេចខ្លួនបាត់) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុ បានបើកគេចមកខាងស្ដាំដៃ ហើយពេលនោះក៏បានទៅបុករះម៉ូតូចំនួន ០៤គ្រឿង គឺ ទី ០១.ម៉ូតូម៉ាកហុងដា (HONDA DREAM ) C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-0369 អ្នកបើកបរឈ្មោះ សួន សីហា ភេទប្រុស អាយុ ៣៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិរលួស ឃុំចាម ស្រុកកំពុងត្របែក ខេត្តព្រៃវែង ដែលកំពុងតែបើកបរស្របទិសគ្នាជាមួយរថយន្ដ ទី ០២.ម៉ាកហុងដា (HONDA DREAM ) C125 ពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ សណ្ដោងរ៉ឺម៉ក (ដឹកអេតចាយ) អ្នកបើកបរឈ្មោះ សុង ហេង ភេទប្រុស អាយុ ៣៣ឆ្នាំ (របួសស្រាល) រស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកឆ្លងផ្លូវពីជើងទៅត្បូង ទី ០៣.ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1U-3335 អ្នកបើកបរឈ្មោះ ចាន់ ស្រីនា ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរនៅលើចិញ្ចើមដីក្រហមពីទិសខាងកើតទៅទិសខាងលិច (បញ្ច្រាសទិសជាមួយរថយន្ដនោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និងម៉ូតូទី ០៤.ម៉ាកហុងដា (HONDA DREAM) C125 ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 15.1-0233 អ្នកបើកបរឈ្មោះ សន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ (ពុំមានរបួសទេ) រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរនៅលើចិញ្ចើមផ្លូវពីទិសខាងកើតទៅទិសខាងលិច (បញ្ច្រាសទិសជាមួយរថយន្ដ) បុករះ បណ្តាលឲ្យគ្រោះថ្នាក់មនុស្សរណូករណែលលើផ្លូវជាតិលេខ ៤ ។
សមត្ថកិច្ចដដែលបានបញ្ជាក់ថា ករណីរថយន្តសណ្ដោងសឺមីរ៉ឺម៉កបុករះម៉ូតូចំនួន ០៤ គ្រឿងនេះ បណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ (ឈ្មោះចាន់ ស្រីនា ស្លាប់នៅកន្លែងកើតហេតុ) រងរបួសធ្ងន់ធ្ងរម្នាក់ ប្រុស (ឈ្មោះសួន សីហា) រងរបួសស្រាល ០១នាក់ប្រុស (ឈ្មោះសុង ហេង) និងរងការខូចម៉ូតូចំនួន ០៤គ្រឿង (ធ្ងន់០៣គ្រឿង) ខូចរថយន្ដ ០១គ្រឿង (ស្រាល) ។
ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងទាំង ០៥គ្រឿង បានប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿង និងចាត់ការបន្ត តាមផ្លូវច្បាប់ ៕