
យើងទាំងអស់គ្នា ដឹងស្រាប់ហើយថា ការក្រោកពីគ្រែនៅពេលព្រលឹមគឺមិនស្រួល ដូចជាការគេងលង់លក់នោះឡើយ។ ជាការពិតណាស់វាពិតជាពិបាកមែនទែនសម្រាប់អ្នកទាំងអស់គ្នា។ ការក្រោកមកជាមួយនឹងអារម្មណ៍តានតឹង គឺអាចជះឥទ្ធិពលដល់ការបំពេញការងារពេញមួយថ្ងៃបាន។ ខាងក្រោមនេះ គឺជាទម្លាប់ល្អៗ សម្រាប់ធ្វើនៅពេលព្រឹកក្រោយពីក្រោកពីដំណេក៖
១. ធ្វើសមាធិ
ចាប់ផ្តើមថ្ងៃថ្មី ដោយភាពស្ងប់ស្ងៀមដោយការធ្វើសមាធិនៅពេលព្រឹក។ ការធ្វើសមាធិ ជួយដល់ការផ្តោតអារម្មណ៍ កាត់បន្ថយស្ត្រេស ធ្វើឲ្យប្រសើរឡើងនូវស្ថេរភាពអារម្មណ៍និងការពារជម្ងឺទូទៅបានទៀតផង។ ការអនុវត្តន៍សមាធិ រយៈពេលពីរបីនាទីក្នុងមួយថ្ងៃ អាចជួយយើងឲ្យកាត់បន្ថយភាពតានតឹងបានល្អប្រសើរ។
២. ការធ្វើលំហាត់ប្រាណ
ការហាត់ប្រាណ គឺជាទម្លាប់ពេលព្រឹកដ៏ល្អបំផុត។ ការដើរ ការហាត់យូហ្គា ១០នាទី ឬ ការលើកដុំដែក គឺសុទ្ធតែជាទង្វើគួរតែមាននៅពេលព្រឹករបស់លោកអ្នក។ ការហាត់ប្រាណពេលព្រឹក គឺល្អជាងការហាត់ប្រាណពេលល្ងាច ត្រង់ថា វាជួយឲ្យយើងចៀសផុតពីការមានការរវល់មិនបានត្រៀមទុក នៅក្រោយពេលបំពេញការងារមិនចប់។
៣. ទទួលទានអាហារពេលព្រឹកដែលមានសុខភាពល្អ
ទទួលទានអាហារពេលព្រឹកល្អ គឺជាផ្នែកមួយដ៏ចាំបាច់នៃទម្លាប់ពេលព្រឹក។ អាហារពេលព្រឹក ដែលមានតុល្យភាព អាចធ្វើឲ្យអារម្មណ៍របស់ស្វាងក្នុងការបំពេញការងារ។ អាហារល្អ ហាក់បីដូចជាសាំងល្អសម្រាប់រថយន្តអ៊ីចឹងដែរ។ រថយន្តរបស់យើងនឹងជាន់ស្ទុះ ប្រសិនបើចាក់សាំងល្អ។ រាងកាយរបស់យើងក៏ដូចគ្នាដែរ។ នៅលើចានគួរមាន សាច់ បន្លែ ផ្លែឈើ និង បាយ៕