
ភ្នំពេញ ៖ រថយន្តចំនួន៤គ្រឿងបើកបុកតកន្ទុយគ្នា ផ្តើមចេញពីរថយន្តហុីយ៉ាន់ដាយទ្រុងដឹកទំនិញ បើកបរលឿនជ្រុល ហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយរថយន្ត បែននីសាន់ រុញទៅបុកពីក្រោយរថយន្តហ្វ័ត រួចរថយន្តបែនព្យាយាមបួងចង្កូតគេចចេញ តែបែជាជ្រុលបុកកៀរ រថយន្តហុីយ៉ាន់ដាយឃ្លុប មួយគ្រឿងទៀត ក្នុងទិសដៅស្របគ្នាទាំងអស់ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួស រថយន្តចំនួន៤គ្រឿងរងខូចខាត ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ កង់១០ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-3012 ដឹកទំនិញ បើកល្បឿនលឿន ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកពីរថយន្តរថយន្ត បែនកង់៦ ម៉ាកនីសាន់ ពណ៌លឿងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3A-3321 រុញបន្តទៅបុកពីក្រោយ រថយន្តហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-8363 រងខូចខាតផ្នែកខាងក្រោយធ្ងន់ ហើយរថយន្តបែនព្យាយាមបួងចង្កូតគេច តែជ្រុលទៅបុកកៀរពីចំហៀង រថយន្តឃ្លុបមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-2833 ក្នុងដំណើរស្របទិសគ្នាទាំងអស់ ។
ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ខាងរថយន្តហ្វ័តរបួស២នាក់ ខាងរថយន្តឃ្លុប របួសដៃអ្នកបើកបរ រថយន្តចំនួន៤គ្រឿងរងខូចខាត ។
ក្រោយកើតហេតុ រថយន្តរងគ្រោះបានទៅពេទ្យដោយខ្លួនឯង ចំណែកមធ្យោបាយ ទាំង៤គ្រឿង សមត្ថកិច្ចយកដាក់អៀបកៀនខាង ជៀសវាងកកស្ទះចរាចរ ហើយប្រគល់ឲ្យជំនាញវាស់វែងយករថយន្តទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

