
ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ មកពីចាក់សាំង ហើយប្រញ៉ាប់យកម៉ូតូ ទៅអោយក្មួយ ជិះដឹកឥវ៉ាន់អនឡាញ បែរជាទៅបុកខឿនថ្ម បែងចែកស្លាកសញ្ញាចរាចរណ៍នៅវត្តភ្នំ បណ្តាលឱ្យបែកក្បាលស្លា.ប់ ក្នុងថ្លុកឈាមភ្លាមៗ។ បុរសនោះ ជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយបើកបរបោះពួយយ៉ាងលឿន។
ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ០១ និង ៤៥នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ នៅចំណុចរង្វង់មូលវត្តភ្នំ លើមហាវិថីព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
នគរបាល បានប្រាប់ថា បុរសរងគ្រោះ មានឈ្មោះ សុខ ជា អាយុ ៣៥ឆ្នាំ ជាជាងសំណង់ មានទីលំនៅ នៅផ្ទះលេខ A២៨ អឺ១ ផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FD-6070 ដោយមិនមានពាក់មួកសុវត្ថិភាព អោយបានត្រឹមត្រូវទេ តាមរង្វង់មូលវត្តភ្នំ ក្នុងទិសដៅពីជើងទៅត្បូង

ប្រភពដដែល បានប្រាប់បន្តទៀតថា លុះមកដល់ចំណុចកើតហើតុ ដោយសារតែជនរងគ្រោះជិះក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុកខឿនថ្មបែកចែកស្លាកសញ្ញាចរាចរណ៍ បណ្តាលអោយខ្ទាតជិត ១០ម៉ែត្រ បោកក្បាលទៅថ្នល់បែកក្បាលហូរឈាមស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។

ស្ត្រីជាម្តាយឈ្មោះ ចែម សារឿន អាយុ ៧៦ឆ្នាំ បានយំរៀបរាប់ថា រូបគាត់រាល់ថ្ងៃរស់នៅតែពីរនាក់កូន និងម្តាយទេ តែពេលនេះ កូនបានស្លាប់បាត់បង់ជីវិតហើយ តើអោយគាត់រំពឹងអ្នកណាទៀត? ព្រោះរាល់ថ្ងៃរស់ដោយសារកូនរកស៊ីចិញ្ចឹមប៉ុណ្ណោះនោះ និងម្តាយអស់ទីពឹងហើយ។
លោកយាយ ក៏បានស្រែកទ្រហោយំ រៀបរាប់ទៀតថា មុននេះ កូនប្រុសរបស់គាត់បានជិះម៉ូតូចេញពីផ្ទះយកទៅចាក់សាំងអោយក្មួយ ដើម្បីយកទៅដឹកទំនិញអនឡាញ និងតែងតែយកទៅចាក់សាំង អោយជាប្រចាំរាល់ថ្ងៃ លុះដល់ថ្ងៃនេះ ក៏ជួបរឿងបែបនេះតែម្តង។
ក្រោយពេលកើតហតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌដូនពេញ ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យទៅលើសាកសពរបស់បុរសរងគ្រោះឃើញថា ពិតជាបានជិះម៉ូតូលឿនទៅបុកខឿនថ្មបែងចែកស្លាកសញ្ញាចរាចរណ៍វត្តភ្នំ បោកក្បាលទៅនឹងថ្នល់ស្លាប់ដោយខ្លួនឯងនោះ ទើបបានប្រគល់សាកសពអោយទៅក្រុមគ្រួសារ យកទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី នៅវត្តទួលសង្កែ៕