
ពិធីករលោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់តារាកំប្លែងលោក អៀង ចេនឡា បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃនេះថា រហូតមកទល់ពេលនេះស្ថានភាពជំងឺបងប្រុសលោក(ចេនឡា)កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។
លោក សុខ រ៉ាស៊ី បាននិយាយទៀតថា អាការ:ជំងឺលោក អៀន ចេនឡា កាន់តែធ្ងន់ធ្ងរទៅៗស្ថិតក្នុងការព្រួយបារម្ភខ្លាំង។ គាត់ហូបអ្វីមិនបានទេហើយក្រុមគ្រួពេទ្យប្រាប់ថា ស្ថានភាពជំងឺរបស់គាត់កាន់ តែវិវឌ្ឍន៍ទៅមុខ។ លោកថា បច្ចុប្បន្នលោក អៀន ចេនឡា កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត្រ។
នៅពេលសួរថា តើមានគម្រោងនាំលោក អៀង ចេនឡា ចេញទៅព្យាបាលបន្តនៅក្រៅប្រទេសទេ?។ត្រង់ចំណុចនេះលោក សុខ រ៉ាស៊ី បានបញ្ជាក់ថា ចង់នាំគាត់ទៅក្រៅប្រទេសដែរ ប៉ុន្តែពេលនេះរៀងយ៉ាប់បន្តិចព្រោះថា ច្រកព្រំដែនមិនដឹងថាគេបើកឬយ៉ាងណាទេ។ ពិបាកត្រង់ចំណុចនេះ ហើយឥឡូវគាត់ដាច់បាយដាច់ទឹកច្រើនថ្ងៃហើយដូច្នេះពេទ្យប្រាប់ឲ្យយើងមានតែសម្រួលចិត្តទេ។
ពិធីករ សុខ រ៉ាស៊ី បញ្ជាក់បន្ថែមថា អរគុណគ្រប់យ៉ាងគ្រានេះមានតែពាក្យសូមអរគុណដែលបងប្អូនបានជួយសម្រាលថ្លៃព្យាបាលបងប្រុសបង្កើតលោក និងបងប្អូនសិល្បៈខណ:ពេលនេះបងប្រុសលោកគាត់(អៀង ចេនឡា)ឈឺធ្ងន់នូវជំងឺរលាកស្រោមខួរក្បាលនិយាយលែងដឹងអីហើយគាត់រវើរវាយបាត់បង់ការចងចាំទាំងអស់។ ម្យ៉ាងទៀតខ្ញុំក៏សូមអធ្យាស្រ័យផងដែរ សម្រាប់បងប្អូនអ្នកដែលហៅគាត់ធ្វើការងារទាំងប៉ុន្មាន។