
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់ ឃាត់ខ្លួនបាន ខណៈ ដែលជនសង្ស័យទាំងនេះ ដែលប្រដាប់ដោយកាំបិត, ច្រវាក់, ដាវកែច្នៃ កាប់ និងវាយប្លន់យកស្លាកលេខ និងម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចខាងត្បូងស្តុបទួលពង្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ទី០១ឈ្មោះ ទួន កុសល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី០២ឈ្មោះ អ៊ុន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យ ដែលឃាត់ខ្លួនបានមានឈ្មោះ ញឹក ចាន់ណារី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ជនសង្ស័យមាន វិជ្ជមានកូវីដ-១៩)។
សមត្ថកិច្ចធ្វើការដកហូរបាន៖ ម៉ូតូម៉ាក HONDA ZOOMERX110 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FZ-2158 ចំនួន០១គ្រឿង , និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DF-5486 ចំនួន០១គ្រឿង (ម៉ូតូទាំង២គ្រឿងជារបស់ជនរងគ្រោះ)។
សមត្ថបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិមានគ្នាចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកស៊ុយស៊ូគីនិច ពណ៌ស សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1DF-5486 និងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA ZOOMERX110 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1FZ-2158 ឌុបគ្នាចេញពីកន្លែងផឹកស្រាក្រឡុក នៅម្តុំផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជាមួយគ្នា ដើម្បីត្រឡប់មកផ្ទះជួលស្ថិតនៅភូមិកើតហេតុ។ ពេលជនរងគ្រោះនិងមិត្តភក្តិជិះម៉ូតូឌុបគ្នាមកដល់ខាងត្បូងស្តុបទួលពង្រ ក៏ស្រាប់តែមានជន សង្ស័យមួយក្រុមមានគ្នាប្រហែល១៥នាក់ ជិះម៉ូតូ០៧គ្រឿង ប្រដាប់ ដោយដាវកែច្នៃ ដំបង និងច្រវ៉ាក់ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំង២នាក់ និងមិត្តភក្តិ ហើយកាប់ផ្លាក លេខម៉ូតូម៉ាកស៊ុយសូគីនិចរបស់ជនរងគ្រោះឈ្មោះ ទួល កុសល បណ្តាលឲ្យដាច់ផ្លាកលេខ រួចជនរងគ្រោះទាំង២នាក់ក៏បាន ផ្តួលម៉ូតូរត់គេចខ្លួន ។

ប្រភពដដែលបន្តថា ពេលនោះ ជនសង្ស័យម្នាក់ឈ្មោះ ញឹក ចាន់ណារី បានលើកម៉ូតូម៉ាក Zoomer X ខាងលើ របស់ជនរងគ្រោះឈ្មោះ អ៊ុន វាសនា បម្រុងបើកគេចខ្លួន ក៏ត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស ដែលជិះម៉ូតូល្បាតតាមផ្លូវ បានឃើញហេតុការណ៍ នោះ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ចំណែកបក្ខពួកផ្សេងទៀតបានរត់គេច ខ្លួនបាត់អស់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពយកម៉ូតូរបស់ជនរងគ្រោះបម្រុងជិះ គេចខ្លួន ប្រាកដ មែន ហើយជនរងគ្រោះទាំង២នាក់ ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕