
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពឆក់យកកាបូបលុយពីស្ដ្រីជាអ្នកលក់បន្លែម្នាក់បានសម្រេច បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូអូសជាច្រើនម៉ែត្ររងរបួស ឯជនសង្ស័យនាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៤៥នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចគល់ស្ពានខាងត្បូងក្រុមហ៊ុនសាបៀរកម្ពុជាប្រមាណជា៥០ម៉ែត្រ តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហ៊ន ផុន ភេទស្ត្រី អាយុ៣៦ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារជម្ពូវ័ន ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូហុងដាគុបជ្រុងពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខកំពង់ស្ពឺ1D-9804ចេញពីម្តុំរង្វង់មូលគួរស្រូវ គោលបំណងទៅផ្សារជម្ពូវ័ន្ត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យចំនួន៤ នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ចំនួន២ គ្រឿងមិនចាំស្លាកលេខមកពីក្រោយ ខណ:នោះជនសង្ស័យចំនួន២នាក់បានមកធ្វើសកម្មភាពឆក់ការបូបលុយពីរូបគាត់មិនបានសម្រេចបណ្តាលរូបគាត់ដួលម៉ូតូអូសច្រើនម៉ែត្រចូលទៅក្នុងគម្ពោតព្រៃ រងរបួសដៃជើង និងមានជនសង្ស័យចំនួន២នាក់ទៀតចាំបិទគូថនៅពីក្រោយ បន្ទាប់មកជនសង្ស័យបានទាញយកការបូលុយដែលរូបគាត់ក្រវ៉ាត់នៅជាប់ចង្កេះ ហើយរូបគាត់បានប្រតាយប្រតប់គ្នាគ្នាជាមួយជនសង្ស័យផងដែរ និងបានស្រែកឲ្យគេជួយតែគ្មានអ្នកជួយ ទើបជនសង្ស័យបានទាញយកកាបូបលុយរូបគាត់ រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។ជនរងគ្រោះបានបន្តទៀតថា សម្ភារ:ដែលត្រូវបាត់បង់មានលុយខ្មែរចំនួនជាង ៤លានរៀលនិងទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO។
ក្រោយកើតហេតុជនរងគ្រោះ បានទំនាក់ទំនងហៅសាច់ញាតិរួចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕