
កំពងចាម ៖ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំពង្រ ស្រុកកោះសូទិនម្នាក់ ត្រូវបានបុរសម្នាក់កាប់ឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ខណៈមេប៉ុស្តិ៍រូបនោះ ចូលទៅសម្របសម្រួលជនសង្ស័យដែលកំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។

សមត្ថកិច្ចស្រុកកោះសូទិន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាក់ ទាង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែករំដេងកើត ឃុំពង្រ ដែលបានធ្វើសកម្មភាពកាប់ទៅលើលោក វរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ ដែលកំពុងបំពេញបេសកកម្មបណ្តាលឱ្យរងរបួសជាទម្ងន់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៩.៤៤នាទី ហើយរត់គេចខ្លួនបាត់។ ការកាប់ប្រហារនេះ គឺដោយសារតែលោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ បានចូលទៅសម្របសម្រួលការឈ្លោះគ្នាក្នុងគ្រួសារជនសង្ស័យម្នាក់នេះ ទើបជនសង្ស័យខឹងសម្បារទាញកាំបិតកាប់មកលើរូបលោក។
បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ច កំពុងតាមរកជនសង្ស័យដែលរត់គេចខ្លួនទាំងយប់។ ចំណែក លោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ បានសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកកោះសូទិន៕