
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យអប់រំពិសេស ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម ស សុខា និងក្រុមការងារ ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស រួមមាន ៖ អង្ករ ២តោន, មី ១៨កេស, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធ ២០កេស, ត្រីខ ៣០០កំប៉ុង, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, នំធុង ៥ធុងធំ, ថ្នាំពេទ្យប៉ារ៉ា ១៥០ប្រអប់, ចាននិងចង្កឹះ ១០០ឈុត និងថវិកាប្រគល់ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៣៧នាក់ ម្នាក់ៗ ៤ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន ៩០នាក់ ម្នាក់ៗ ២ម៉ឺនរៀល ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា និងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនដល់ក្មួយៗសិស្សានុសិស្ស ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែងផងដែរ៕