
ភ្នំពេញ៖ បុរសគថ្លង់ម្នាក់ធ្លាក់ពីលេីបង្កាន់ដៃស្ពានចូលក្នុងទឹកប្រឡាយលិចបាត់ឈឹង ផ្អើលប្រជាពលរដ្ឋជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រួសារសាច់ញាតិ ជួលគេចុះរាវរកស.ពទាំងកណ្ដាលយប់ តែជាអកុសលគាត់បានស្លាប់ទៅហើយ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចស្ពានប្រឡាយទឹកស្អុយ (បឹងសាឡាង) ផ្លូវលេខ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ស៊ុយ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ជាមនុស្សគរ ស្នាក់នៅជិតកន្លែងកើតហេតុ។
តាមប្រភពពីអ្នកលក់ចាប់ហួយនៅជាប់ប្រឡាយ កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីផ្ទះមករកទិញអីហូប រួចអង្គុយនៅលើ ធុងទឹកករបស់គាត់។ ពេលមានភ្ញៀវចូលមកទិញភេសជ្ជៈ ជនរងគ្រោះបានងើបឡើង ឈរផ្អែកបង្គោលប៉ាន់ណូ ជាប់នឹងបង្កាន់ដៃប្រឡាយ ស្រាប់តែរអិលធ្លាក់ចូលទឹកស្អុយ លិចបាត់តែម្ដង។
ប្រជាពលរដ្ឋនិងសាច់ញាតិ ជាមួយសមត្ថកិច្ច ចុះមកជួយនិងរាវរក ក្រែងមានសង្ឃឹម តែរហូតរយៈពេលជិតមួយម៉ោង ទើបប្រទះឃើញសាកសពរួចសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ឮ