
កំពង់ស្ពឺ ៖ កម្មករកម្មការិនីរោងចក្រជាច្រើននាក់បានរងរបួសធ្ងន់និងស្រាល ក្នុងករណីក្រឡាប់រថយន្ដដោយសារដាច់រ៉ូទិលធ្លាក់ផ្លូវ ។

ហេតុការណ៍រថយន្តដឹកកម្មករក្រឡាប់នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតក្នុងភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកគងពិសី បានប្រាប់ឲ្យដឹងថា រថយន្តកូរ៉េ ប្រភេទពីរតោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី មានដឹកកម្មករកម្មការិនីប្រមាណ៦០នាក់ ក្នុងនោះរបួសធ្ងន់០៣នាក់ របួសស្រាល២៨នាក់ ។
បន្ទាប់ពីកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពស្រុកគងពិសី និងជំនាញសុខាភិបាល បានដឹកជនរងគ្រោះ បញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ។

តាមការបញ្ជាក់ ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា រថយន្តដឹកកម្មករ កម្មការិនីខាងលើ គឺបើកបរពីទិសខាងលិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូតបណ្ដាលឱ្យ រេចង្កូតរួចក៏ធ្លាក់ប្រឡាយក្រឡាប់តែម្តង ។
បច្ចុប្បន្នកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី និងជំនាញខេត្ដ បានជួយអន្ដរាគមន៍ សម្របសម្រួល និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់៕