
យោងតាម លោកស្រីវេជ្ជបណ្ឌិត Leana Wen សាស្ត្រាចារ្យផ្នែកគោលនយោបាយ និងការគ្រប់គ្រងសុខភាព នៅសាកលវិទ្យាល័យ George Washington វិទ្យាស្ថាន Milken Institute School of Public Health បានឱ្យដឹងថា៖ “កូវីដអូមីក្រុងនឹងមិនមែនជាកូវីដបម្លែងចុងក្រោយដែលយើងឃើញក្នុងជីវិតយើងនោះទេ”។
ថ្មីៗនេះលោកស្រីវេជ្ជបណ្ឌិត Wen បាននិយាយជាមួយនិង CNN អំពីកូវីដប្រភេទថ្មីរបស់អូមីក្រុង ដែលមានឈ្មោះថា BA.2 ដោយនិយាយបានថា វាជាអ្វីមួយដែលត្រូវប្រុងប្រយ័ត្ន ទោះបីជាវាស្រដៀងគ្នាទៅនឹងអូមីក្រុងធម្មតាក៏ដោយ។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា៖ “ការបម្លែងខ្លួនរបស់វីរុស កើតមានឡើងគ្រប់ពេលវេលា ពីព្រោះនោះជាអ្វីដែលមេរោគធ្វើ ដោយពួកវាផ្លាស់ប្តូរនៅពេលពួកវាមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត”។
កូវីដប្រភេទថ្មីៗ អាចលេចចេញនៅពេលណាក៏បាន។ ជាឧទាហរណ៍ ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងញូវយ៉ក បានរកឃើញបំណែកមេរោគនៅក្នុងទឹកសំណល់ ដែលបង្ហាញពីការប្រមូលផ្ដុំនៃការផ្លាស់ប្តូរតែមួយគត់សម្រាប់បំរែបំរួលនៃមេរោគ ដែលមិនទាន់ត្រូវបានរកឃើញនៅក្នុងមនុស្សនៅឡើយ។
លោកស្រីវេជ្ជបណ្ឌិតក៏បានក្រើនរំលឹកផងដែរថា ការចាក់វ៉ាក់សាំងគឺជារឿងសំខាន់ ដោយសារតែវាអាចទប់ស្កាត់ការបម្លែងរបស់កូវីដ ពីការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន៕