
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ូ វណ្ណា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក្នុងនាមឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង និងសមាជិក សមាជិកា នៃ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត បញ្ញាស្មារតី ទទួលខុសត្រូវខ្ពស់ អនុវត្តន៍ការងារស្របតាមតួនាទីភារកិច្ច និងមានការទទួលខុសត្រូវរៀងៗខ្លួនដោយមិនមានការរួញរា ត្អូញត្អែរឡើយ ជាពិសេសចំណាយទាំងទ្រព្យធនផ្ទាល់ខ្លួន ផងដែរ ។ បើទោះបីសកម្មភាពមួយចំនួន ត្រូវបានរាំងស្ទះ ឬផ្អាកជាបណ្តោះអាសន្ន ដោយសារតែការរាតត្បាតពីជំងឺកូវីដ-១៩ ក៏ពិតមែន៕