
ព្រៃវែង ៖ រថយន្តយុីឌុបដឹកទំនិញមួយគ្រឿង ខណៈដែលកំពុងបើកសុខៗ ស្រាប់តែមានភ្លើងឆាបឆេះទំនិញ ចេញ ពីក្នុងទ្រុងផ្នែកខាងក្រោយ សន្ធោសន្ធៅឡើង ឆេះទាំងរថយន្តខ្ទេចទាំងស្រុង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

លោកវរសេនីយ៍ត្រី ស៊ុ សីហា នាយប៉ុស្តិ៍ព្រៃព្នៅ បានឲ្យដឹងថា រថយន្តជួបអគ្គិភ័យឆាបឆេះ ជារថយន្ត ដឹកទំនិញ ម៉ាកហុីយ៉ាន់ដាយ យុីឌុប ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-3113 ម្ចាស់អ្នកបើកបរឈ្មោះ សុឹម ផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

នគរបាលបន្តទៀតថា រថយន្តខាងលើ ដឹកទំនិញ បញ្ញើរចម្រុះ ក្នុងនោះក៏មានថ្នាំពេទ្យ អាល់កុល ថ្មស្អុយ ចេញពីរាជធានីភ្នំពេញ ដើរដាក់តាមដេប៉ូ ផ្ទះ ហាង នានា ក្នុងខេង្តព្រៃវែង ។មុនកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវជាតិលេខ៨ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានភ្លើងឆាបឆេះទំនិញ ក្នុងទ្រុងរថយន្តផ្នែកខាងក្រោយ។ ភ្លាមៗអ្នកបើកបរបើកអែបសរសៀរទៅខាងឆ្វេង រកកន្លែងមានទឹក ផ្ទះប្រជាពលរដ្ឋជួយពន្លត់ ហើយត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។
សម្ភារៈលើរថយន្តត្រូវបានភ្លើងឆេះខូចអស់ រថយន្ត ភ្លើងឆេះទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួស ។

តាមការសន្និដ្ឋានបឋម អគ្គិភ័យផ្តើមចេញពីឆេះ អាល់កុល ឬថ្មស្អុយ ដែលជាទំនិញប្រឈមហានិភ័យបង្កក្លាយជាអគ្គិភ័យ ។
ទោះជាយ៉ាងណាក្តី សមត្ថកិច្ច បន្តស្រាវជ្រាវ ជុំវិញភ្លើងឆេះរថយន្តដឹកទំនិញខាងលើ ៕