
ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមាន ចំពោះសំណុំរឿងលោក ឌួប ងៀប ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទរូបនេះ ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ ។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងក្រោយពី លោក ឌួប ងៀប ដែលមានងារជាឧកញ៉ានិងពាក់ផ្កាយ៣ ផងនោះ បានចេញឃ្លីបវីដេអូមួយ ដោយធ្វើការចោទប្រកាន់ទៅលើចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ថា បានចាត់ការសំណុំរឿងរបស់គាត់ «ប្រែពីសទៅខ្មៅ និង ចោទប្រកាន់គាត់ថា បានឆបោកជនជាតិតៃវ៉ាន់» ។
បើតាមសេចក្ដីថ្លែងការណ៍ នេះ គឺ លោក ឌួប ងៀប ត្រូវបាន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ពាក់ព័ន្ធបទល្មើសឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬយើងហៅសាមញ្ញថា ការចេញសែកគ្មានសាច់ប្រាក់ ពាក់ព័ន្ធអង្គហេតុការលក់អចលនវត្ថុមួយកន្លែង ដែលអ្នកទិញបានប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួនជាង៧លានដុល្លារ ទៅឲ្យលោក ឌួប ងៀប រួចរាល់ហើយ ។ ប៉ុន្តែលោក ឌួង ងៀប ពុំមានដីប្រគល់ជូនដើមបណ្ដឹងនោះ ។
នៅក្នុងការសម្រុះសម្រួលដោះស្រាយទំនាស់ នេះ គឺ លោក ឌួប ងៀប បានចេញសែកចំនួន៣សន្លឹក ទៅឲ្យដើមបណ្ដឹងរដ្ឋប្បវេណី តែនៅពេលដើមបណ្ដឹងរដ្ឋប្បវេណី បានយកសែកទាំង៣សន្លឹកនេះ ទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារបញ្ជាក់ថា សែកនេះគ្មានសាច់ប្រាក់នោះទេ ។
ទោះបីយ៉ាងណា សំណុំរឿងនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ មិនបានសម្រេចឃុំខ្លួនលោក ឌួប ងៀប នោះទេ ដោយជំនួសមកវិញនូវការដាក់លោក ឌួប ងៀប ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលលោក ឌួង ងៀប ត្រូវមានកាតព្វកិច្ចដាក់ប្រាក់ធានាមិនឃុំខ្លួននេះចំនួនជាង៥លានដុល្លារ យកមកតម្កល់ក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេលមួយខែ តែលោកឌួង ងៀប ពុំបានយកប្រាក់ធានាខ្លួននេះមកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចរបស់ចៅក្រមស៊ើបសួរឡើយ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បន្តថា លោក ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដូច្នេះចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធីស្របតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
ជាចុងក្រោយ សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ ៕