
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយ នារីរូបស្រស់ វ័យ២០ឆ្នាំជាងម្នាក់ ត្រូវបានគេឃើញធ្លាក់ពីលើអាគារខុនដូរមួយកន្លែង បណ្តាលឲ្យបាក់កស្លាប់យ៉ាងអាណោចអាធ័ម ផ្អើលអស់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកហ៊ុព័ទ្ធខ្សែពិនិត្យភ្លាមៗ កាលពីវេលាម៉ោង៨ និង១២នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចអាគារខុនដូរមួយកន្លែង ដែលមានទីតាំងនៅផ្លូវ២៧១ ចុះមកច្រកឌឿងហែមបន្តិច ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ មកកាន់ក្រុមការងារTVFB នៅនឹងទីតាំងកើតហេតុផ្ទាល់ បានឲ្យដឹងថា សាកសពនារីស្រស់ស្អាតខាងលើនេះ គឺជាជនជាតិខ្មែរ ដែលមានឈ្មោះ អៀង រដ្ឋា អាយុប្រមាណ ២០ឆ្នាំជាង ស្លៀកខោខៅប៊យ អាវដៃវែងពណ៌ខ្មៅ និងមានស្ពាយកាបូបចំនួន១ ជាប់ខ្លួន។
ប៉ុន្តែទោះបីជាយ៉ាងណា ជុំវិញករណីនេះ សមត្ថកិច្ចជំនាញខណ្ឌមានជ័យ រួមទាំងនគរបាលផ្នែកកោលស្យវិច័យនិងបច្ចេកទេសក្រុង កំពុងហ៊ុព័ទ្ធទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវនិងធ្វើកោសល្យវិច័យ ឲ្យលម្អិត ថាតើ ករណីនេះ ជាករណីធ្វើអត្តឃាតលោតសម្លាប់ខ្លួន លោតចេញពីជាន់ទីប៉ុន្មាន ឬក៏ជាករណីឃាតកម្ម រុញទម្លាក់ អ្វីផ្សេង ។ សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនបន្តទៀត ៕