
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យក្រុមចោរ ដែលបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ១គ្រឿង ពីបុរសអ្នកលក់ត្រីម្នាក់ កាលពី៦ថ្ងៃមុន។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៣ និង០០នាទីយប់ ខណៈក្រុមជនសង្ស័យខាងលើ កំពុងប្រមូលផ្តុំគ្នា នៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលបានប្រាប់ថា ជនសង្ស័យ ៤នាក់នោះ រួមមាន ១-ឈ្មោះ គុជ រ៉ាយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ ចាន់ ស៊ីយាន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ទូច អេនថូនី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៤-ឈ្មោះ គ្រីស ឈិតវិសាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងនគរបាលដកហូតបានវត្ថុតាង ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IR-7215 មានលេខតួ និងលេខម៉ាស៊ីន 5034418 ចំនួន ០១គ្រឿង។
នគរបាលខាងលើ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា បុរសរងគ្រោះខាងលើ ឈ្មោះ អោម សំបូរ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រីមានទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹង ខេត្តកណ្តាល។
ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AK-5045 មានលេខតួ និងលេខម៉ាស៊ីន 5861762។
ប្រភពដដែល បានបន្តទៀតថា ហេតុការណ៍ធាក់ប្លន់យកម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ០៣ និង ១៥នាទី ជិតភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ស្ថិតនៅតាមផ្លូវជាតិលេខ២ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយនៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធចេញពីផ្ទះ ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅទិញត្រីនៅផ្សារតាខ្មៅ ខេត្តកណ្តាល ដើម្បីយកមកលក់។
មន្រ្តីនគរបាលរូបនោះ បាននិយាយទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យទាំង ៤នាក់ រួមជាមួយនឹងបក្សពួក ២នាក់ទៀត មានឈ្មោះ លាភ និងឈ្មោះ សីហា។ ជនសង្ស័យទាំងនោះ បានជិះម៉ូតូ ០៣គ្រឿង មានម៉ាកហុងដាស្កូបពីពណ៌ខ្មៅ ចំនួន ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅចំនួន ០២គ្រឿង ឌុបគ្នា ដេញតាមធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យដួល បន្ទាប់មកបានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល។
ប្រភពមួយនេះ បានបញ្ជាក់បន្ថែមទៀតថា ក្រោយពលកើតហេតុ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់នគរបាលខណ្ឌដងង្កោ និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដើម្បីឱ្យជួយស្រាវជ្រាវរកជនសង្ស័យ។
បន្ទាប់មក លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាក្រុមចោរ។
លុះរហូតដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២៣ និង០០នាទីជិតភ្លឺ បានប្រទះឃើញក្រុមជនសង្ស័យខាងលើ កំពុងប្រមូលផ្តុំគ្នា នៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កងកម្លាំង ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជាបន្តបន្ទាប់រួចនាំទៅសាកសួរ និងចាត់ការតាមច្បាប់ ព្រមទាំងបន្តធ្វើការស្រាវជ្រាវ រកចាប់បក្សពួក ដែលកំពុងគេចខ្លួននិងរកម៉ូតូ ដែលប្លន់យកពីជនរងគ្រោះមកវិញ៕