
ភ្នំពេញ ៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នង បានបំផ្លាញសម្ភារៈអស់ទាំងស្រុង និងបណ្តាលឲ្យមានមនុស្សចំនួន ៥នាក់បានរងរបួសនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានផ្សាយនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតនៅចំណុចផ្ទះជួលលេខ៧៧D តាមបណ្តោយផ្លូវ២១៧ (វិថីសម្តេចមុន្នីរ៉េត) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង២និង១០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣៣គ្រឿង។
ដោយនៅក្នុងប្រតិបត្តិការនេះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងគ្រឿងផ្ទុះ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រើប្រាស់ទឹកអស់ ៧ឡាន, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមានមនុស្សចំនួន ៥នាក់បានរងរបួស ។
ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញអស់ម៉ូតូចំនួន ៣គ្រឿង និងសម្ភារៈអស់ទាំងស្រុង ។ យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ៕