
ស្វាយរៀង៖ ចោរមួយក្រុម មានគ្នា ៣នាក់ ប្រដាប់ដោយកាំភ្លើងវែង បានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋយកមាសអស់ ៥ជី និងលុយប្រមាណ ២០០ដុល្លារ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញនេះ នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រាលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ចែត ភន អាយុ ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ ៣០ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុំការអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានព័ត៌មាន លោកអនុសេនីយ៍ឯក ស្រ៊ី ស៊ីថន ក្រុមការងារប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោក ប៊ូ សារ៉េន ស្នងការរងនគរបាលខេត្តស្វាយរៀង ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន លោកស្នងការរងខេត្តស្វាយរៀង បានដឹកនាំសមត្ថកិច្ចជំនាញចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យស្រាវជ្រាវ ឃើញថា ជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធវែង ២ដើម មិនស្គាល់ម៉ាក និងគល់ឫស្សី ១កង់ ប្រវែងប្រហែល ៨០ស.ម បានធ្វើសកម្មភាពភ្ជង់គំរាមម្ចាស់ផ្ទះយកមាសអស់ ០៥ជី លុយ ២០០ដុល្លារ និងទូរសព្ទមួយគ្រឿង ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនក្រុមចោរខាងលើ ដើម្បីយកផ្តន្ទាទោសតាមច្បាប់ ៕