
កំពង់ចាម ៖ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នាំគ្នាឆោឡោ ដោយសារបានឃើញអគ្គិភ័យឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្សារស្ពឺ ស្ថិតក្នុងឃុំស្ពឺ ស្រុកចំការលើ ហើយក៏ត្រូវបានលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តបានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ចេញអន្តរាគមន៍ជាបន្ទាន់ផងដែរ។
ប្រភពពីកម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាប់ឆេះនោះ ត្រូវបានប្រជាពលរដ្ឋនៅមូលដ្ឋានរាយការណ៍ថា មានអគ្គិភ័យ០១ករណី នៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្រោយពីទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានចាត់បញ្ជាអោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គិភ័យ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់មុនគេ ។ បន្ទាប់មកលោកស្នងការ ក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យដែលនៅតាមបណ្ដាស្រុកនានា ជាប់នឹងស្រុកចំការលើ ចេញមកជួយអន្តរាគមន៍ជាបន្តបន្ទាប់ឱ្យបានទាន់ពេលវេលាផងដែរ ដើម្បីកុំឲ្យភ្លើងឆាបឆេះបង្កជាមហន្តរាយធំ។
នគរបាលពន្លត់អគ្គិភ័យបានបន្តឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះ គេឃើញមានរថយន្ដពន្លត់អគ្គិភ័យស្នងការដ្ឋានចំនួន០២គ្រឿង, រថយន្ដស្រុកកំពង់សៀមចំនួន០១គ្រឿង, រថយន្ដស្រុកស្ទឹងត្រង់ចំនួន០២គ្រឿង, រថយន្ដស្រុកព្រៃឈរចំនួន០១គ្រឿង សរុបចំនួន០៧គ្រឿង។ លុះមកដល់ទីតាំងកើតហេតុរថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះលំនៅឋាន និងតូបលក់ដូរនៅក្នុងផ្សារស្ពឺ ដើម្បីកុំឲ្យឆេះរាលដាលទៅតូបផ្សេងទៀតព្រមទាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋផង។ ហើយនៅក្នុងពេលនោះ គេបានឃើញកម្លាំងនគរបាលអាជ្ញាធរមូលដ្ឋាន បានសាមគ្គីគ្នាបានល្អក្នុងការពន្លត់អគ្គិភ័យ ។
ជាមួយគ្នានោះ ក៏មានផ្ទះអ្នកនៅក្បែរទីតាំងកើតហេតុ មានការភ័យព្រលឹងចុងសក់ ដោយសារតែខ្លាចភ្លើងឆាបឆេះមកដល់លំនៅឋានរបស់ពួកគាត់ ទោះជាយ៉ាងណាក៏ដោយ ក្រោមការយកចិត្តទុកដាក់ ធ្វើឲ្យកម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហើយភ្លើងក៏បានរលត់បន្តិចម្ដងៗ រហូតដល់រលត់ទាំងស្រុងតែម្តង។
ចំពោះការខូចខាតក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺរួមមាន ៖ ផ្ទះទំហំ៧ម៉ត្រគុណ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្មប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោមផ្ទះ០១ខ្នង ដែលមានម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិស្ពឺកើត ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម និងតូបចំនួន១៦តូប (ទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ) តូបសង់ពីដែក ជញ្ជាំងដែក ក្រោមថ្ម ប្រក់ដែក រីឯមូលហេតុវិញ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបបង្កឱ្យមានអគ្គិភ័យនេះកើតឡើងតែម្តង ។
គួរបញ្ជាក់ថា នៅវេលាម៉ោង០១និង០៥នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ភ្លើងបានរលត់ទៅវិញទាំងស្រុង១០០% ហើយករណីនេះ មិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។ គួរបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គឺបានប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្ដ (រថយន្តស្រុកចំការលើ ០៤រថយន្ដ, រថយន្តស្រុកកំពង់សៀម ០២រថយន្ដ, រថយន្តស្រុកព្រៃឈរ ០២រថយន្ដ, រថយន្តស្រុកស្ទឹងត្រង់ ០៣រថយន្ដ និងរថយន្តខេត្ត ០៥រថយន្ដ) ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីអន្តរាគមន៍បានទាន់ពេលវេលា ធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារស្ពឺ មានការត្រេកអរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ច និងអាជ្ញាធរដែលបានមកជួយពន្លត់ភ្លើងបានទាន់ពេលវេលា ដោយបានទប់ស្កាត់មិនឱ្យមានគ្រោះមហន្តរាយធំនោះទេ ដោយឡែកកម្លាំងពន្លត់អគ្គិភ័យតែងតែប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងដូចករណីខាងលើនេះជាដើម៕