
ភ្នំពេញ៖ សពព្រះសង្ឃលង់ទឹកលិចបាត់ព្រះកាយកាលពីយប់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២២ បានផុស អណ្តែតហើយ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយពីបាត់មួយយប់ នៅវត្តតាំងកសាងខាងជើង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបន្តពិនិត្យ និងរងចាំជំនាញ ចុះទៅស្រង់ឡើងគោក ធ្វើកោសល្យវិច័យ មុននឹង ចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅវត្តតាំកសាងខាងជើងតែម្តង ។
សូមរំលឹកថា ព្រះសង្ឃ១អង្គបានចុះស្រង់ទឹកស្រះលង់លិចបាត់ព្រះកាយ បន្សល់ទុក តែស្បែកជើង ស្បង់ចីវរ នៅមាត់ស្រះ បង្កឲ្យភ្ញាក់ផ្អើល ឆោឡោ ទាំងពុទ្ធបរិស័ទ ទាំង សមត្ថកិច្ច រាវរក កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រះទឹកក្នុងបរិវេណវត្ត តាំងកសាងខាងជើង ភូមិចំការឳឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពេញមួយយប់ទៅហើយ រាវរកមិនទាន់ឃើញ ។
ព្រះសង្ឃ រងគ្រោះព្រះនាម ចាន់ មាន រិទ្ធិ ហៅ សំណព្វ ព្រះជន្ម ២៨វស្សា គង់នៅវត្ត ខាងលើ មានស្រុកកំណើតនៅខាងខេត្តកំពង់ឆ្នាំង ។

តាមព្រះសង្ឃគង់នៅក្នុងវត្ត មានសង្ឃដីកាថា ៖ មុនកើតហេតុ ឃើញព្រះសង្ឃអង្គខាងលើ និមន្តទៅស្រង់ទឹកស្រះ បាត់ជាច្រើនម៉ោងទៅហើយ មិនឃើញនិមន្តចូលរៀនធម៌ លុះស្វែង រកតាមរកមើល ឃើញតែស្បែកជើង និងស្បង់ចីវរ និងទូរស័ព្ទ នៅមាត់ទឹក តែបាត់ព្រះកាយ សង្ស័យលង់លិចបាត់ ។
ប្រភពបន្តទៀតថា ព្រះសង្ឃអង្គនេះ មានជម្ងឺស្រឺតប្រចាំកាយ ញឹកញាប់ហើយ កើតអាការៈ ហើយក្រោយពីចុះស្រង់ទឹកបាត់ព្រះកាយ ទើបផ្អើលឆោឡោ ទាំងពលរដ្ឋ ពុទ្ធបរិស័ទ សមត្ថកិច្ច មានអ្នកចុះមុជទឹករាវរក តែមិនឃើញ ។
លុះដល់ព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ ២០២២ ទើបសពសង្ឃរងគ្រោះបានផុសអណ្តែតឡើង៕