
កំពង់ឆ្នាំង ៖ បុរសជាប្តីម្នាក់ បានសំរេចចិត្តចងកសម្លាប់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាចាក់ទៅលើប្រពន្ធតែមិនស្លាប់ បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង២:៣០ ទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ពីម្សិលមិញ ស្ថិតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងតាមរយៈទូរសព្ទនៅថ្ងៃទី៣ កុម្ភៈ នេះថា បុរសជាប្តីដែលចងកសម្លាប់ខ្លួនឯងមានឈ្មោះ អ៊ួច ធី អាយុ៣៨ឆ្នាំ ចំណែកប្រពន្ធឈ្មោះ សុះ ម៉ូលីកា អាយុ៣១ឆ្នាំ អ្នកទាំងពីររស់នៅក្នុងទីតាំងកើតហេតុខាងលើ ។
ករណីហឹង្សាខាងលើនេះបណ្តាលមកពីទំនាស់ពាក្យសម្តី ហើយប្រហែលជាប្តីកើតការប្រច័ណ្ឌទើបឈានដល់យកកាំបិតចាក់សម្លាប់ប្រពន្ធតែមិនស្លាប់។ ក្រោយការចាក់សម្លាប់ប្រពន្ធមិនបានសម្រេចមក ប្ដីបានយកខ្សែគោពណ៌សទំហំប៉ុនមេដៃ ចងកសម្លាប់ខ្លួន។
សាកសពប្ដីដែលចងកសម្លាប់ខ្លួនត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅពិនិត្យនិងបានធ្វើលិខិតស្នាមប្រគល់ទៅឲ្យគ្រួសារសពយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ ដោយឡែកប្រពន្ធដែលរងរបួសកំពុងតែស្ថិតនៅក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕