
ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ទៅកាន់ក្រុមអ្នកប្រឆាំងថា កុំឲ្យប្រើរបៀបវារៈដដែលៗ គ្មានប្រសិទ្ធភាពទេ ។
ឯកឧត្តម ស សុខា បញ្ជាក់ក្នុងសារថា ជាដដែលៗ ខ្ញុំនៅតែមានការសោកស្ដាយ ដែលបានឃើញសកម្មភាពកាត់តរូបភាពក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ ។
ក្នុងសារដដែល ឯកឧត្តម ស សុខា បានបន្តថា ដូចគ្នាដែរ ការលាបពណ៌ដើម្បីកេងចំណេញនយោបាយខុសពីភាពពិតជាក់ស្ដែង ដោយបង្កើតប្រធានបទវាយប្រហាររាជរដ្ឋាភិបាលក្ដី គណបក្សប្រជាជនកម្ពុជាក្ដី ឬបង្កើតរឿងវាយប្រហារត្រង់ៗលើបុគ្គលក្ដី គ្មានអ្វីក្រៅតែពីចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សនោះឡើយ ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា នេះមានន័យថា ក្រុមប្រឆាំង គ្មានគំនិតបង្កើតថ្មី គ្មានផែនការយុទ្ធសាស្ត្រជាក់ច្បាស់ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា ក្រៅតែពីប្រើសិល្ប៍បំបែកផ្ទៃក្នុងនោះ ។ ជាងនេះទៅទៀត ឯកឧត្តម ស សុខា យល់ថា យុវជន និងប្រជាពលរដ្ឋខ្មែរ លោកយល់ច្បាស់ប្រកបដោយសុភវិន្និច្ឆ័យលើយុទ្ធវិធីទុច្ចរិតដដែលៗទាំងនេះ។ ទាំងសកម្មភាពកាត់តរូបភាពទម្លាក់កំហុសលាបពណ៌ និងសំណេរញុះញុងជាបន្តបន្ទាប់ពីសំណាក់ក្រុមប្រឆាំងនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាព និងសីលធម៌នយោបាយរបស់ពួកគេ ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ជារួមវាគ្រាន់តែជារបៀបវារៈនយោបាយចាស់គំរិលបែបច្រំដែលៗ ក្នុងចេតនាញុះញង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា តែដែលពុំអាចទៅរួច ឬគ្មានប្រសិទ្ធភាពនោះឡើយ ។
ជាចុងក្រោយឯកឧត្តម ស សុខា បានអនុសាសន៍ដល់ក្រុមប្រឆាំងថា ប្រសិនបើយុទ្ធសាស្ត្រ និងយុទ្ធវិធីនយោបាយចាស់ៗទាំងឡាយណាដែលដាក់ចេញទៅគ្មានប្រសិទ្ធផល និងគ្មានស័ក្ដិសិទ្ធិភាពទេ គួរណាស់ផ្លាស់ប្ដូរវិធី។ លើសពីនេះបើរបៀបវារៈនយោបាយណាមានចរិតអវិជ្ជមានគ្មានសីលធម៌ មិនបានផល គប្បីដាក់ចេញរបៀបវារៈបែបវិជ្ជមាន មានសីលធម៌វិញ ប្រសើរជាង។ សូមចាំថាបើមិនស្គាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាច្បាស់ទេ កុំនិយាយល្អជាង៕
អត្ថបទ ៖
ប្រភព ៖ ផេក “Sar Sokha”