
ភ្នំពេញ ៖រថយន្តកូរ៉េដឹកអំបោសដើរលក់ ចាប់ហ្វ្រាំងមិនទាន់ជ្រុលកិនក្មេងប្រុសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៥ ក្នុងបុរីសន្តិភាព២ ក្រុម១៥ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ ស៊ាប សុខមីង ហៅឃាង អាយុ៩ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9275 ដឹកអំបោសដើរលក់ បើកបរដោយឈ្មោះ ឆិល កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើត ភូមិត្រពាំងក្រេឡាង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងប្រុសរងគ្រោះជិះកង់មកពីសាលារៀន ជិះតាមផ្លូវក្នុងបុរី ពីកើតទៅលិច ខណៈដល់ចំណុចកើតហេតុ បត់ស្តាំឆ្ពោះទៅជើង តែដោយចំណុចកើតហេតុ សភាពផ្លូវខូច ទួលថ្ម ធ្វើឲ្យក្មេងរងគ្រោះជិះឡើងរអិលដួល ធ្វើឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ជ្រុលកិនរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង វាស់វែង យករថយន្ត កង់ និងអ្នកបើកបររថយន្ត ទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕