
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលបុកជាមួយរ៉ឺម៉ករបស់ក្រុមហ៊ុនវីរៈប៊ុនថាំ កាលពីវេលាម៉ោង ១១ យប់ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចក្នុងបុរីសែនមនោរម្យ ផ្លូវបេតុង ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ជួង ចិក ម៉ែង ភេទប្រុសអាយុ ៣៣ ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិប្រិយ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរ៉ឺម៉កដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវបំបែកជាបីភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IC 5188 ជិះតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនបួងចង្កូតបត់ឆ្វេងទៅជើងក៏ជ្រុលបុករ៉ឺម៉កពេញទំហឹងដួលបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ភ្លាមនោះក៏មានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗតែអកុសល ដោយសារតែរងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕