
ពោធិ៍សាត់ ៖ ដោយសារតែខឹងនឹងឪពុកទារលុយច្រើនដងពេក ធ្វើកូនតិរិច្ឆាន បានទាញដុំឥដ្ឋ ស្ទុះទៅវាយ ក្បាលឪពុកបង្កើតបែកឈាម រងរបួសធ្ងន់ ដេរជាច្រើនថ្នេរ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ចុះបង្ក្រាបឃាត់ខ្លួនជនបង្ក នៅភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនបង្កឈ្មោះ រិន សុខរ៉ាន់ អាយុ២៥ឆ្នាំ បានយកដុំឥដ្ឋវាយទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះ រិន រឹម អាយុ៤១ឆ្នាំ ចំក្បាលបណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះខាងលើភ្លាម កម្លាំងនគរបាលយើងបានចុះជួយអន្តរាគមន៍និងបានឃាត់ខ្លួនជនបង្កនៅហ្នឹងកន្លែងកើតហេតុខាងលើ។ ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។
ករណីហឹង្សានេះបណ្តាលមកពីជនបង្កដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ខឹងរឿងឪពុកទារលុយច្រើនដងពេក ទើបបណ្តាលឲ្យហឹង្សានេះកើតឡើង រីឯជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជងធ្វើការអប់រំលើកទី១តាមសំណូមពររបស់ក្រុមគ្រួសារជនរងគ្រោះ៕