
កុមារា និងកុមារី ជាបងប្អូនជីដូនមួយនិងគ្នា ៣ នាក់ បានលង់ទឹកស្រះមុខផ្ទះស្លាប់ ខណៈដែលលោ កយាយជាអ្នកមើលថែភ្លេចខ្លួនតែមួយសន្ទុះ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងនៅ ១០ ព្រឹក ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។

លោកវរសេនីយ៍ទោ សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ នៅរសៀលថ្ងៃទី ០២ ខែកុម្ភៈ នេះបាននិយាយតាមទូរស័ព្ទឱ្យដឹងថា កុមាររងគ្រោះទាំង ៣ នាក់ ដែលបានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនេះមាន ១.ឈ្មោៈ ភៀន ធារ៉ា ភេទប្រុស អាយុ ២ ឆ្នាំ, ២.ឈ្មោះ ស៊ីម ម៉េង ភេទប្រុស អាយុ ៣ ឆ្នាំ និង ៣.ឈ្មោះ ឈាន ស្រីនី ភេទស្រី អាយុ ២ ឆ្នាំ។ ដោយមុនពេលកើតហេតុកុមារទាំង៣នាក់ បានចុះលេងទឹកស្រះមុខផ្ទះ ក៏បានលង់ទឹកស្លាប់ ខណៈដែលជីដូនជាអ្នកមើលថែបានភ្លេចខ្លួនតែមួយសន្ទុះប៉ុណ្ណោះ។

លោកអធិការបានបន្តថា ឪពុកម្ដាយកុមាររងគ្រោះទាំង ៣ ខាងលើនេះ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ១ ជាកម្មកររោងចក្រ ២ ជាគ្រូបង្រៀន និង ៣ មន្ត្រីអង្គការ ដោយនៅរៀងរាល់ព្រឹក បានផ្ញើកូនជាមួយនឹងម្ដាយដែលជាជីដូនឲ្យមើលថែចៅៗពួកគាត់នាំគ្នាទៅធ្វើការរៀងៗខ្លួន។
ករណីខាងលើនេះ នៅពេលបាត់ចៅមួយសន្ទុះ លោកយាយដើររកចៅមិនឃើញ ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយរកមើល និងដោយមានការសង្ស័យ អ្នកជិតខាងក៏បានចុះមើលក្នុងទឹកស្រះ ក៏ប្រទះកុមាររងគ្រោះទាំង ៣ នាក់ ហើយក៏បានបញ្ជូនទៅកាន់មណ្ឌលសុខភាពឃុំស្វាយជុក ឱ្យជួយសង្គ្រោះ។ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចសង្គ្រោះបាន ព្រោះកុមាររងគ្រោះទាំង ៣ នាក់ បានស្លាប់បាត់ទៅហើយ។ ក្រោយពេលពេលពិនិត្យរួច ក្រុមគ្រូពេទ្យក៏បានប្រគល់សពកុមាររងគ្រោះទាំង ៣ នាក់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅក្នុងលំនៅឋាន៕