
បន្ទាយមានជ័យ៖ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធជាផ្លូវការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា អាជ្ញាធរដែនដី និងគណៈគ្រប់គ្រង បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល ភី មីក្រូហិរញ្ញវត្ថុ ម.ក ទាំងអស់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី មីក្រូហិរញ្ញវត្ថុ ម.ក ជម្រាបជូនអង្គពិធីអំពីប្រវត្តិ សកម្មភាព បេសកកម្ម ចក្ខុវិស័យ និងយុទ្ធសាស្រ្ត របស់គ្រឹះស្ថានដែលមានការរីកចម្រើន និងវិវត្តន៍រហូតមកដល់ពេលនេះរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូនជន រួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាព ឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសមានស្ថិរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍនៅទូទាំងប្រទេស។ សម្តេចតេជោ បានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានកាត់ បន្ថយនូវផល ប៉ះពាល់ជាអតិបរមាលើវិស័យសុខុមាលភាព សង្គម និងសេដ្ឋកិច្ច រហូតដល់បើកឲ្យដំណើរការប្រទេសជាប្រក្រតីឡើងវិញ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានក៏បានលើកឡើងថា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបាន ខ្ទេចខ្ទំ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សង្គម-សេដ្ឋកិច្ច ក្នុងនោះក៏មានវិស័យធនាគារផងដែរ ត្រូវបានបំផ្លាញចោលទាំងស្រុង ហើយការចរាចរប្រាក់រៀលក៏មិនមានដែរ។ ក្រោយថ្ងៃ រំដោះ៧ មករា ឆ្នាំ១៩៧៩ វិស័យធនាគារ និងវិស័យផ្សេងៗទៀត ត្រូវបានស្តារឡើងវិញ ហើយការចរាចរប្រាក់រៀលក៏ចាប់ផ្តើមផងដែរ។ ដូចនេះការដាក់ឲ្យដំណើរការនូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល ភីមីក្រូហិរញ្ញវត្ថុ ម.ក នៅក្នុងខេត្តបន្ទាយមានជ័យពេលនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងជួយអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅតាមមូលដ្ឋាន។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមកោតសរសើរចំពោះការផ្តួចផ្តើមគំនិត និងកិច្ចសហការបង្កើតនូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី នេះឡើង និងបានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់របស់គ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់ បន្តផ្តល់សេវាជូនអតិថិជន បង ប្អូនប្រជាពលរដ្ឋឲ្យល្អប្រសើរដោយមិនរើសអើងពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយ ដើម្បីឲ្យពួកគាត់អាចពង្រីកមុខរបរ និងសេដ្ឋកិច្ចគ្រួសារ ត្រូវរក្សា សាមគ្គីភាព កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និង ចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការសម្អាតប្រាក់ទាក់ទងនឹងបទល្មើសគ្រឿងញៀន។