
ស្វាយរៀង ៖ បុរសម្នាក់កំពុងអង្គុយផឹក ស្រវឹងស្រ៊ើងៗ ក៏អស់សាច់ក្លែម បានអូសខ្សែភ្លើង ដើម្បីចុះទៅឆក់ រឿងដែលមិននឹកស្មាន បែរជាភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ គួរអោយអាសូរ ទៅវិញ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិពោធិថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីរសៀលថ្ងែទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
លោកព្រាប សាន មេភូមិពោធិថ្មី បានអោយដឹងថា ៖ មានករណីរាយខ្សែភ្លើងឆក់ត្រីក្នុងស្រះ បណ្តាលអោយឆក់ស្លាប់ខ្លួនឯង បុរសរងគ្រោះឈ្មោះ ថន ចាន់ថាត (ហៅអួច) អាយុ២៩ឆ្នាំ រស់នៅភូមិ ដើមពោធិ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
លោកព្រាប សាន មេភូមិពោធិថ្មី បន្តថា ៖ បុរសរូបនេះ មានប្រពន្ធឈ្មោះ ជិត សុខី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ បច្ចុប្បន្ននៅភូមិដើមពោធិ ឃុំស្វាយតាយាន បានទៅលេងផ្ទះម្តាយបង្កើតឈ្មោះ មី យន់ អាយុ៧២ឆ្នាំ នៅភូមិពោធិថ្មី ដែលជាកន្លែងកើតហេតុ ហើយក៏បានយកខ្សែភ្លើង មក ត ដើម្បីឆក់ត្រីក្នុងស្រះ នៅពេល ត រួចរាល់ហើយ ក៏ចុះក្នុងស្រះឆក់ត្រីតែអកុសលភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់។
ក្រោយពីកម្លាំងជំនាញស្រុកកំពង់រោទិ៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយានព្រមទាំងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយាន បានធ្វើកោសល្យវិចយ័រួចមកបានអោយដឹងថាបុរសខាងលើនេះតខ្សែភ្លើងឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ពិតប្រាកដមែន។ មូលហេតុ ដោយបុរសខាងលើផឹកស្រា បាន ត ខ្សែភ្លើង ដើម្បីឆក់ត្រី យកមកក្លែម បន្ត តែចៃដន្យអាក្រក់ ក៏បណ្តាលអោយឆក់ស្លាប់តែម្តង។
សពត្រូវបានជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី៕