
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅយប់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ បានដឹកនាំកម្លាំងនគរបាលផែនការងារសណ្ដាប់ធ្នាប់ និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជំនាញពាក់ព័ន្ធ ចុះពិនិត្យនៅគោលដៅតាមបណ្ដោយផ្លូវជាតិលេខ ៤១ ស្ថិតនៅក្នុងស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នេះគឺជាកិច្ចប្រតិបត្ដិការ អនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពង់ស្ពឺ សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើនឡើង និងបង្កើនប្រសិទ្ធភាព នៃវប្បធម៌ការបើកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌ និងការគោរពច្បាប់។
ជាលទ្ធផល នៃការត្រួតពិនិត្យកម្លាំងនគរបាល បានរកឃើញអ្នកបើកបររថយន្តធន់ធ្ងន់ចំនួន ៥នាក់ ក្នុងចំណោមអ្នកបើក បររថយន្តចំនួន ៣០នាក់ មានផ្ទុកសារធាតុញៀន។ ជាវិធានការបន្ដ សមត្ថកិច្ចបានធ្វើការដកហូតប័ណ្ណបើកបរ និងប្រគល់រថយន្ដឲ្យទៅក្រុមហ៊ុន ដោយត្រូវរកអ្នកបើកបរថ្មីគ្មានសារធាតុញៀន និងបញ្ជូនមនុស្សទាំង ៥នាក់ ទៅកន្លែងបន្សាបគ្រឿងញៀន និងព្យាបាល។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ជាការសំណូមពរ សូមម្ចាស់រថយន្ដជាថៅកែនិងអ្នកបើកបរផ្សេងទៀត សូមមេត្ដាចូលរួមសហការ ជាមួយសមត្ថកិច្ចជំនាញ ដើម្បីសហការពិនិត្យនិងបញ្ឍប់ការអនុញ្ញាតឲ្យបុគ្គល ជាអ្នកបើកបរមានឱកាសលទ្ធភាពប្រើប្រាស់ សារធាតុញៀនក្នុងការបើកបរ (ចេះតាមដាន និងពិនិត្យតេស្ដ) កត្ដាអ្នកបើកបរធ្វេសប្រហែស បណ្ដាលឲ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍ រួមជាមួយកត្ដាផ្សេងៗទៀត (ការបើកបរលើសល្បឿន មិនគោរពសិទ្ធិ វ៉ាស្ដាំ បើកជែង និងមានជាតិស្រវឹង)។
គួរឲ្យដឹងថា បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ នៅទូទាំងខេត្ដកំពង់ស្ពឺ នឹងបន្ដអនុវត្ដរឹតបន្ដឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ និងពិនិត្យសារធាតុញៀន លើអ្នកបើកបរបន្ដទៀត ស្របតាមគោលការណ៍ណែនាំ និងវិធានការច្បាប់៕