
បន្ទាយមានជ័យ ៖ នេះជារឿងមួយនឹកស្មានមិនដល់ ដោយមនុស្សប្រុសស្រីពីរនាក់គូរជាគូដណ្តឹងនឹងគ្នា ជិតដល់ថ្ងៃចូលរោងការទៅហើយ បានឌុបគ្នាទៅលេងផ្ទះខាងស្រី ស្រាប់តែត្រូវរថយន្តបុកស្លាប់ខាងប្រុសនៅកន្លែង ចំណែកខាងស្រីរងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អំ សាមឿង ភេទប្រុស អាយុ៣៥ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យប៉ោយប៉ែត ទីលំនៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ឈ្មោះ ឈួន សូនេតសត្យា ភេទស្រី អាយុ២២ឆ្នាំ ជាគ្រូបង្រៀន នៅសាលាបឋមសិក្សាប៉ោយប៉ែត រស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍បានបន្តទៀតថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកLEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AQ-3250 បើកក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿននៅពេលយប់ងងឹត លុះបើកដល់ចំណុចកើតហេតុ ដល់ផ្លូវកោង ក៏បុកម៉ូតូជនរងគ្រោះឌ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1BG-1154 ភ្នំពេញ ជិៈគ្នា២នាក់ ក្នុងទិសដៅផ្ទុយគ្នាពីត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ បាក់ឆ្អឹងត្រគៀកទាំងសងខាង ក្រោយពីកើតហេតុហើយនគរបាលបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យពោ២ ខេត្តបាត់ដំបងភ្លាមៗផងដែរ ។
តាមការអះអាងរបស់ឪពុក ម្តាយបាននិយាយថា កូនស្រី និងកូនប្រសារពួកគេទាំង២នាក់ ជាគូដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការទៅហើយ និងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដើរចែកសំបុត្រអញ្ជើញភ្ញៀវបានមួយចំនួនហើយ។ស្រាប់តែនៅមុនពេលកើតហេតុពួកគេទាំង២នាក់ បានចេញពីផ្ទះនៅភូមិអូរអណ្តូង ទៅលេងផ្ទះឪពុកម្តាយខាងប្រុស នៅភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ត្រូវរថយន្តបុកស្លាប់យ៉ាងអអាណោចអាធ័ម ចំណែកខាងស្រីវិញប្រហែលពិការ១ជីវិតហើយ។
សពត្រូវនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រថយន្តបង្កបញ្ជូនទៅស្នងការដាក់ទោសទៅតាមច្បាប់៕