
ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើកម៉ូតូកង់បីឥណ្ឌា បុកចូលមន្ទីរសម្រាកព្យាបាល និងសម្ភព មនោរម្យ ហើយបុរសនោះ ក៏ត្រូវបានសន្តិសុខ យាមនៅមន្ទីរពេទ្យ ចាប់ចងស្លាបសេក ភ្ជាប់ជាមួយម៉ូតូ កង់បីឥណ្ឌា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ៣៧១ សឡា ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីសន្តិសុខ យាមនៅមន្ទីរពេទ្យ បានឲ្យដឹងថាៈ មុនកើតហេតុ បុរសដែលបើក ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HY-3345 ទំនងជាស្រវឹងស្រាខ្លាំង និងមានចេតនា បើក បុកចូលមន្ទីរពេទ្យ ២ លើកហើយ ដោយលើកទី១ មិនបានបញ្ជាក់ ពីថ្ងៃខែឆ្នាំ នេះទេ លុះលើកទី២ ម៉ោងកើត ហេតុខាងលើ ខណៈដែលបុរសបើកម៉ូតូកង់បីខាងលើ ឈប់នៅ មុខមន្ទីរពេទ្យ ក្នុងទិសដៅពីខាងកើត ទៅខាងលិច ស្រាប់តែបើកបុកចូលអាហារដ្ឋាន របស់មន្ទីរពេទ្យ បណ្ដាលឱ្យបែកទ្វារកញ្ចក់ និងរងការខូចខាត សម្ភារៈមួយចំនួន។ ភ្លាមនោះ រូបគាត់ជាសន្តិសុខ ដែលយាម និងមើលការខុសត្រូវ នៅមន្ទីរពេទ្យ ឃើញមានដបសាំង ១ដប នៅលើម៉ូតូកង់បី ខណៈនោះ រូបគាត់ ខ្លាចអ្នកបើកបរ យកសាំងនោះ មកចាក់ដុតមន្ទីរពេទ្យ ទើបរូបគាត់ យកក្រណាត់ស មកចងអ្នកបើកបរ ម៉ូតូកង់បី ភ្ជាប់នឹងម៉ូតូកង់បីតែម្តង។
បើតាមការរៀបរាប់ពីបុរស ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា បានប្រាប់ថាៈ រូបគាត់គ្មានបំណង បើកបុក មន្ទីរពេទ្យនោះទេ ដោយសារម៉ូតូកង់បីរបស់គាត់ ជាប់ហ្គា ទើបបុកចូលមន្ទីរពេទ្យនោះទៅ បន្ទាប់មក ត្រូវសន្តិសុខ យាមនៅ មន្ទីរពេទ្យ ចាប់រូបគាត់ និងបានប្រើហិង្សា ទៅលើរូបគាត់ ចាប់ចងស្លាបសេក ជាប់ជាមួយម៉ូតូកង់បីឥណ្ឌារបស់គាត់តែម្ដង ទើបបង្កឱ្យមានការភ្ញាក់ផ្អើល អស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍៕