
ភ្នំពេញ ៖ សពបុរសជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋានមួយកន្លែង ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាម ដោយបានសម្រេចចិត្តយកកាំភ្លើងខ្លី ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ខុនដូជាន់ទី៦ នៃអគារខុនដូ ស្តាស៊ីធី ស្ថិតតាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា បុរសជនជាតិចិនរូបនេះ ឈ្មោះ Liao Hua Xi Ang អាយុ២៨ឆ្នាំ មុខរបរអាជីវករ «ម្ចាស់ភោជនីយដ្ឋាន» ស្នាក់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានរកឃើញវត្ថុតាងនៅកន្លែងកើតហេតុមានអាវុធខ្លីម៉ាក G lock ចំនួន១ដើម គ្រាប់ចំនួន៩គ្រាប់ និងសំបកគ្រាប់ចំនួន១គ្រាប់ និងសម្ភារប្រើប្រាស់គ្រឿងញៀន ដបទឹកសុទ្ធនិងបំពង់ទុយយោ។
យោងតាមការបំភ្លឺរបស់ឈ្មោះ Hu Guang wen ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៦២១ ជាប់បន្ទប់គ្នា បានរៀបរាប់ថា ៖ នៅវេលាម៉ោងប្រហែល៨ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បុរសដែលធ្វើអត្តឃាតរូបនេះ បានស្រែកប្រាប់គាត់ឱ្យជួយខ្លួនផង ថាមានគេចង់ធ្វើបាបគាត់។ ពេលគាត់ចេញមកមើលមិនឃើញមានអី គាត់ក៏ចូលក្នុងបន្ទប់វិញ។ បន្តិចក្រោយមកគាត់បានចុះទៅក្រោមរកទិញអីហូប។ រហូតដល់វេលាម៉ោង៩និង៣០នាទី គាត់បានត្រឡប់មកវិញ។ នៅម៉ោង១២និង០០នាទីមានមនុស្សប្រុសស្រីជាជនជាតិចិន០២នាក់ មានឈ្មោះ Yi Xiao Yue អាយុ៣២ឆ្នាំ ភេទស្រី ជាអតីតសង្សារជនរងគ្រោះ និងឪពុក ឈ្មោះ Yi Chuan Liang បានមករកជនរងគ្រោះដល់បន្ទប់ ដោយសារមិនឃើញជនរងគ្រោះឆ្លើយតបតាមឆាត លុះពេលបើកបន្ទប់ស្រាប់តែឃើញជនរងគ្រោះដេកនៅគន្លៀតគ្រែ ដោយមានឈាម។ ឃើញដូចនោះឈ្មោះ Yi Xiao Yue ដែលត្រូវជាសង្សាជនរងគ្រោះ ក៏ប្រាប់អ្នកគ្រប់គ្រងខុនដូឱ្យមកជួយរហូតដល់ម៉ោង ៤រសៀល ទើបសមត្ថកិច្ចបានទទួលព័ត៌មាន។
សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋានថា បុរសរូបនេះ ស្លាប់ដោយសារធ្វើអត្តឃាតបាញ់ខ្លួនឯងស្លាប់ពិតប្រាកដមែន ដោយសពត្រូវបានសមត្ថកិច្ចយកតម្កល់នៅវត្តទឹកថ្លា៕