តកណ្តាល ៖ ដោយសារតែធ្លាប់មានគំនុំជាមួយគ្នាពីមុនមក ទើបធ្វើអោយ កម្មករសំណង់២ក្រុម បើកឆាកប្រយុទ្ធគ្នា បណ្តាលអោយបុរសជាកម្មករសំណង់ពីរនាក់ រងរបួសដេកពេទ្យ ចំណែកកម្មករសំណង់២នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ករណីហិង្សានេះ កើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅចំណុចការដ្ឋានមណ្ឌលកែប្រែ ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាជនបង្ក ឈ្មោះ អ៊ុន ដារ៉ា អាយុ២៣ឆ្នាំ មុខរបរជាងដែក ទីលំនៅស្នាក់នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និង ឈ្មោះ វង្ស ទួ អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកក្រុមជនរងគ្រោះដែលទទួលរងរបួសដេកពេទ្យ ឈ្មោះ ភុយ ពេជ អាយុ៣០ឆ្នាំ មុខរបរមេការក្នុងការដ្ឋាន មានទីលំនៅស្នាក់នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងឈ្មោះ លុយ ប៊ុនធឿន អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឈ្មោះ ភុយ ពេជ និងឈ្មោះ អ៊ុន ដារ៉ា បានទាក់ពាក្យសម្ដីគ្នាម្ដងរួចមកហើយ រៀបនឹងបានប្រើហិង្សាដាក់គ្នាទៅហើយ តែត្រូវបានកម្មករនៅក្នុងការដ្ឋានជាមួយគ្នាឃាត់ ហើយបានចូលដេករៀងៗខ្លួន ។
លុះរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ឈ្មោះ ភុយ ពេជ បានដើរចេញពីការដ្ឋានមកក្រៅដើម្បីមកទិញម្ហូបហូបបាយ ក៏បានជួបឈ្មោះ អ៊ុន ដារ៉ា និង ឈ្មោះ វង្ស ទួ បានជិះម៉ូតូកាត់មុខរួចបានរោទិ៍សំឡេងម៉ូតូខ្លាំងៗធ្វើការឌឺដងដាក់ឈ្មោះ ភុយ ពេជ រួចហើយបានបបួលឈ្មោះ ភុយ ពេជ វ៉ៃគ្នាទៀត តែឈ្មោះ ភុយ ពេជ មិនបានតបតទៅវិញទេ រួចហើយបានដើរទៅទិញម្ហូប ពេលនោះជនសង្ស័យទាំងពីរ ក៏តាមឈ្មោះ ភុយ ពេជ ទៅដល់កន្លែងលក់ម្ហូបទៀត ហើយបន្ទាប់មកក៏បានទាក់ពាក្យសម្ដីគ្នា បន្ទាប់មកជនសង្ស័យទាំងពីរបាននាំគ្នាព្រួតវាយទៅលើឈ្មោះ ភុយ ពេជ ក្រោយមកឈ្មោះ ភុយ ពេជ បានរត់ចូលទៅក្នុងការដ្ឋានហើយស្រែកឱ្យមិត្តភក្រ្ក័របស់ខ្លួនជួយ។
ពេលនោះឈ្មោះ លុយ ប៊ុនធឿន និង ឈ្មោះ ស៊ី ម៉េងហាក់ បានរត់ទៅជួយតែត្រូវបានឈ្មោះ អ៊ុន ដារ៉ា យកដុំថ្មគប់សំដៅទៅលើឈ្មោះ លុយ ប៊ុនធឿន ត្រូវចំក្បាលបែកឈាមដួលសន្លប់ រួចហើយឈ្មោះ អ៊ុន ដារ៉ា និង ឈ្មោះ វង្ស ទួ បាននាំគ្នារត់ចូលទៅក្នុងការដ្ឋាន ក៏ត្រូវបានកម្មករក្នុងការដ្ឋានចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច៕