ឮកំពត ៖យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារបើកម៉ូតូ ក្នុងល្បឿនលឿន រួចជ្រុលបុករថយន្ត ដែលកំពុងចត អែបនៅលើដងផ្លូវ។ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថាៈ យុវជនរងគ្រោះខាងលើ ឈ្មោះ ស៊ឹប ក្រែន អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ច បានបន្តទៀតថា កាលពីវេលាម៉ោង ៧ និង៤៥នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង រវាងម៉ូតូ និងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១០០-១០១ បណ្តាលឱ្យយុវជនម្នាក់ បាត់បង់ជីវិតភ្លាមៗ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ មុនកើតហេតុ គឺម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1 Q 9287 នោះ បានបើកមកពីទិសខាងកើត ក្នុងល្បឿន យ៉ាងលឿន។ ហើយទីនោះ ក៏មានដាក់សញ្ញាសម្គាល់ប្រុងប្រយ័ត្ន ថែមទាំងកម្លាំងសមត្ថកិច្ច ឈរចាំឃាត់ ព្រោះខាងមុខ មានរថយន្ត ខូចចត អែបលើផ្លូវ ដោយមិនឃើញម្ចាស់ ឬអ្នកបើកបរ នៅរង់ចាំទេ។
ប្រភពដដែល បានបន្តទៀតថាៈ ទោះជាបែបនេះក្តី អ្នកបើកម៉ូតូ មិនបានបង្អន់ទេ ពោលគឺ បានបន្ថែមល្បឿន ទៅមុខ ទើបជ្រុលបុកពីក្រោយរថយន្ត ពេញទំហឹង តែម្តង។ លុះសមត្ថកិច្ច និងអ្នកជិតខាង ចូលទៅជួយ ស្រាប់តែឃើញ យុវជនរូបនោះ បានស្លាប់ទៅហើយ។