ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប្រជាការពារ និងមេភូមិ ព្រមទាំងប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួក៤នាក់ទៀត រត់គេចខ្លួនបាត់ បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ និងក្រវិលកំប៉ុងភេសជ្ជៈត្រូវរង្វាន់ ព្រមទាំងកាតទូរស័ព្ទ ពីកន្លែងអ្នកលក់ដូរ កាលពីវេលាម៉ោង២ចូលចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅចំណុចកន្លែងលក់ដូរមួយកន្លែង តាមបណ្តោយផ្លូវបេតុង កែងផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលចាប់ខ្លួនបានម្នាក់ ឈ្មោះ សំ បូរ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំណែកជនរងគ្រោះឈ្មោះ ឈុន លី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរភេសជ្ជៈ នៅកន្លែងកើតហេតុខាងលើ ។ ដោយឡែកសម្ភារៈដែលជនសង្ស័យលួចបានរួចមាន ក្រវិលកំប៉ុងត្រូវរង្វាន់ និងកាតទូរស័ព្ទ ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា រាល់ថ្ងៃ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ប្រកបរបរលក់ដូរភេសជ្ជៈតាមចិញ្ចើមផ្លូវ ទាំងយប់ទាំងថ្ងៃ ហើយកន្លងមកធ្លាប់មានជនឆ្លៀតឱកាសបន្លំលួចអីវ៉ាន់ផងដែរ ។ មុនពេលកើតហេតុ នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បានដេកលង់លក់ក្នុងដំណេកមួយភាំង ស្រាប់តែមានជនសង្ស័យលបចូលទៅលួចច្បាមយកសម្ភារៈក្នុងកេសដាក់លុយ តែសំណាងល្អ លុយត្រូវបានពួកគាត់យកចេញដាក់ក្នុងកាបូប មានតែក្រវិលកំប៉ុងត្រូវរង្វាន់ និងកាតទូរស័ព្ទ ។ ភ្លាមៗនោះ ពួកគាត់ក៏ភ្ញាក់ដឹងខ្លួន ឃើញជនសង្ស័យដើរគេចចេញទៅហើយ លុះហៅឲ្យឈប់បំណងសាកសួរ បែរក្រុមជនសង្ស័យនាំគ្នារត់គេចខ្លួន ទើបពួកគាត់រត់ទៅប្តឹងមេភូមិ នៅក្បែរនោះឲ្យជួយនាំគ្នាតាមស្វែងរកក៏ប្រទះឃើញបក្ខពួកជនសង្ស័យម្នាក់ ឃាត់ត្រួតពិនិត្យ ស្រាប់តែឃើញសម្ភារៈទាំងនោះ ក៏នាំយកទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាលចោមចៅ៣ ដើម្បីសាកសួរតែម្តង ។
នៅពេលឃាត់ខ្លួនសួរនាំ ជនសង្ស័យឈ្មោះ សំបូរ បានឆ្លើយសារភាពថា ខ្លួនមិនមែនអ្នកលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះទេ គឺឈ្មោះ ញ៉ាញ់ វិញទេជាអ្នកលួច ពេលដែលឈ្មោះញ៉ាញ់ លួចបានហើយ យកមកឲ្យខ្លួនជាអ្នកទុកគ្រាន់ដូររង្វាន់ ។
ក្រោយពីឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ខាងលើ សមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី ៕