ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណ:កំពុងជិះម៉ូតូឆ្លងផ្លូវបំបែកជាបួន ស្រាប់តែត្រូវអ្នកលក់នំប៉័ង ជិះម៉ូតូបំពានភ្លើងស្តុបក្រហម ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ភ្លើងស្តុប យុគន្ធ ផ្លូវលេខ ១០៥ កែងនឹងផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះ រឹម សាវន់ ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FV-7332 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ខណ:ពេលភ្លើងស្តុបកំពុងតែលោតពណ៌បៃតង ជនរងគ្រោះក៏បានជិះម៉ូតូបម្រុងនឹងឆ្លងភ្លើងស្តុប ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1J-8827 ដឹកកញ្ឆេនំបុ័ង បើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ទាំងបំពានស្តុបដែលកំពុងលោតភ្លើងពណ៌ក្រហម បានជ្រុលទៅបុកជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងបានចុះមកធ្វើការវាស់វែង និងពិនិត្យកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ។ បន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចបានដឹកយកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកជនបង្កឱ្យចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចំណែកសពជនរងគ្រោះខាងលើ ត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕