ភ្នំពេញ៖ បន្ទាប់ពីមានករណីចោរឆក់កាបូប បណ្តាលឱ្យស្ត្រីម្នាក់ដួលម៉ូតូបោកក្បាលស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ រួចមក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវអស់រយៈពេល ១៤ថ្ងៃ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ កន្លងទៅ មានករណីជនសង្ស័យ បានជិះម៉ូតូឆក់យកកាបូបក្រវាត់ចង្កេះពីស្ត្រីម្នាក់ឈ្មោះ អ៊ុក កាន់នីកា អាយុ ៤១ ឆ្នាំ នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះបានដួលបោកក្បាលទៅនឹងថ្នល់ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសល នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ ស្ត្រីរងគ្រោះខាងលើបានស្លាប់បាត់បង់ជីវិតចោលប្ដី និងកូនៗឱ្យនៅកំព្រាម្តាយ ។
ដោយមានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិសែនជ័យ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌបើកការស្រាវជ្រាវមុខសញ្ញាខាងលើនេះ ដើម្បីរកយុត្តិធម៌ដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ នៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២២ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់ខាងលើដែលមានឈ្មោះ ជុំ សុខបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគល់ សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាពឆក់យកកាបូបក្រវាត់ចង្កេះពីស្ត្រីរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ៕