ពោធិ៍សាត់ ៖ ដោយសារតែមានចិត្តកំណាចឃោរឃៅ ធ្វើអោយបុរសម្នាក់ដែលត្រូវជាកូន តិរិច្ឆាន បានប្រព្រឹត្តអំពើដ៏សាហាវ គួរអោយខ្លាច ទៅលើឪពុកបង្កើតរបស់ខ្លួន ដែលមានវ័យចំណាសទៅហើយនោះ បណ្តាលអោយរងរបួសធ្ងន់ ហើយកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តខេត្តពោធិ៍សាត់ បង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសហិង្សាមានស្ថានទម្ងន់ទោស ដោយវាយធ្វើបាប និង យកដែកកេះដុត ប្រព្រឹត្តនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចស្រុកបាកាន បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ហ៊ុ ហាត អាយុ៣០ឆ្នាំ។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ខំ ហ៊ា អាយុ៦៧ឆ្នាំ។ អ្នកទាំង២នាក់ រស់នៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបន្តថា ជនសង្ស័យ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ «ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមបញ្ញតិ្ត មាត្រា២១៨ នៃ ក្រមព្រហ្មទណ្ឌ និង ប្រឈមនឹងការជាប់គុកពី ២ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពិរុទ្ធភាព។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់៕