ភ្នំពេញ ៖ ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ១៥៦ ផ្លូវលេខ៣ ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលបើកដោយជនជាតិចិនឃាត់មនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារៈ តែមិនឲ្យអ្នកសារព័ត៌មានផ្ដិតយករូបភាព ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ការបើកល្បែងស៊ីសងដោយខុសច្បាប់គឺបើកលេងយ៉ាងរលូនជាយូរណាស់មកហើយ ប៉ុន្តែមិនដែលឃើញមានកម្លាំងចម្រុះណាចុះបង្ក្រាបឡើយ ទើបមកដល់ព្រឹកថ្ងៃទី២៨ ខែមករា នេះ ទើបកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់ ថែមទាំងដកហូតសម្ភារជាច្រើន។ ប្រភពដដែលបានបន្តទៀតថា ក្នុងមូលដ្ឋានខណ្ឌកំបូល គឺតែងតែកើតមានឡើងបទល្មើសជាហូរហែមិនថាករណីឆក់ លួច កាច់កម៉ូតូ ជាហេតុនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងដោយខុសច្បាប់នេះ មានអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយ ប៉ុន្តែបែរជាខាងអាជ្ញាធរក៏ដូចជាកម្លាំងអាវុធហត្ថ មិនអនុញ្ញាតឲ្យផ្ដិតយករូបភាព ដើម្បីធ្វើការផ្សព្វផ្សាយឡើយ មិនដឹងថាមកជាមូលហេតុអ្វី ទើបមានការលាក់បាំងបែបនេះ? ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាង ត្រូវបាននាំយកទៅផ្នែកជំនាញដើម្បីបន្តនិតិវិធី ចំណែកទីតាំងបិទបណ្តោះអាសន្ន៕

