រតនគិរី ៖ បុរស ២នាក់ នាំគ្នាទៅឆក់ត្រីនៅក្នុងអូរ តែបែរជាភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣និង ១០នាទី រសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចអូរចូន ស្ថិតនៅក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

របាយការណ៍ របស់នគរបាលស្រុកវើនសៃ បានបញ្ជាក់ថា ជនរងគ្រោះទី១-ឈ្មោះ ស៊ីន ប៊ុនយី ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិទំពួន មុខរបរទាហាន នៅអង្គភាពវរៈ ៨៤ឈរជើង នៅអូរតាង៉ាវ ស្ថិតក្នុងខេត្តស្ទឹងត្រែង ស្លាប់ក្រោយពេលដឹកបញ្ជូន ទៅដល់មណ្ឌលសុខភាពកាចូន។

ជនរងគ្រោះទី២-ឈ្មោះ ទិន គី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រងរបួសធ្ងន់ បានដឹកបញ្ជូន ទៅសង្រ្គោះនៅមណ្ឌលសុខភាពកាចូន ទាំង ២នាក់មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។

របាយការណ៍ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម បានចាត់កម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលកាចូន ហើយលោកគ្រូពេទ្យមណ្ឌលសុខភាពកាចូន និងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្សសាកសព និងធ្វើកោសល្យវិច័យសព ដែលមានសភាពរឹងគ្មានខ្លិន សម្លៀកបំពាក់ខោពណ៌កាហ្វេជើងខ្លី ហើយដងខ្លួនពុំមានស្លាកស្នាមអ្វី គួឲ្យកត់សម្គាល់ឡើយ។
សមត្ថកិច្ច បានសន្និដ្ឋានដោយយោងតាម ការពិនិត្យសាកសពជនរងគ្រោះខាងលើ និងផ្អែកតាមការបញ្ជាក់របស់លោកគ្រូពេទ្យ អាចសន្និដ្ឋានបានថា ករណីនេះពិតជាស្លាប់ ដោយសារក្បាលដុំឆក់ត្រី ឆ្លងចរន្តភ្លើង បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ ពិតប្រាកដមែន។
បន្ទាប់ពីធ្វើកោសល្យច័យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕