ខេត្តកណ្តាល ៖ ភោជនីយដ្ឋាន និងផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ ខេត្តកណ្តាល មិនត្រឹមតែបំពានវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នោះទេ តែថែមទាំងបានចាក់ភ្លេងរំខានដល់អ្នកជិតខាងជាច្រើនលើកច្រើនសាររហូតដល់កណ្តាលអធ្រាត្រជារៀងរាល់ថ្ងៃ ពេលនេះត្រូវបានសមត្ថកិច្ចចុះទៅអោយធ្វើកិច្ចសន្យាជាលើកទី២ហើយ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ។

តាមប្រភពព័ត៌មានបានអោយដឹងថា ហាង «សន្យា» នេះ គឺតែងតែចាក់ភ្លេង និងច្រៀងរាំឮខ្លាំងៗ រហូតដល់កណ្តាលអធ្រាត្រជារៀងរាល់យប់ ដោយមិនខ្វល់ពីការសម្រាករបស់ប្រជាពលរដ្ឋអ្នកជិតខាងឡើយ ។ បញ្ហានេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចជាបន្តបន្ទាប់មកដែរ ហើយក៏បានធ្វើកិច្ចសន្យា តែអ្នកគ្រប់គ្រងហាងមួយនេះ មិនស្តាប់ឡើយ នៅតែផ្គើន ដោយមិនដឹងអាងអំណាចអ្វីនោះទេ ។

ប្រភពព័ត៌មានដដែលបានបន្តថា ហាង «សន្យា» មិនត្រឹមតែចាក់ភ្លេង និងច្រៀងរាំឮខ្លាំងៗ រហូតដល់កណ្តាលអធ្រាត្រជារៀងរាល់យប់នោះទេ ថែមទាំងមានអ្នកចូលទៅផឹកស៊ីច្រើនកុះករ ដោយមិនបានគោរពតាមវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឡើយ ខណៈកម្ពុជាកំពុងតែព្រួយបារម្ភជាខ្លាំងពីបញ្ហាកូវីដ១៩ បម្លែងថ្មីប្រភេទ «អូមីក្រុង» ដោយហាងមួយនេះ មិនបានរៀបចំវិធានសុខាភិបាលឡើយ ពោលគឺមិនរៀបចំអោយមានការរក្សាគម្លាត និងមិនតម្រូវអោយបង្ហាញកាតចាក់វ៉ាក់សាំងថែមទៀតផង ។ មានន័យថា អ្នកណាមានលុយផឹកស៊ី ក៏អាចចូលបានដែរ ។


ជុំវិញបញ្ហាខាងលើនេះ លោក សុខ សម្បត្តិ ដែលជាមេការគ្រប់គ្រងទូទៅ ហាង «សន្យា» នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក៏បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាថា មិនចាក់ភ្លេងឮខ្លាំងរំខានដល់អ្នកជិតខាងទៀតនោះទេ ៕







