
ភ្នំពេញ៖ និស្សិតម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តមិនស្គាលម៉ាក បើកបុក ម៉ូតូចំពីមុខពេញទំហឹង រួចបើករត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោងជាងមួយរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវ៣១៧ កែង៥៩៦ខាងក្រោយខារ៉ាអូខេបេស្តារ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
សពជនរងគ្រោះមានឈ្មោះ ឡាត់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី២ អាសយដ្ឋានស្នាក់នៅផ្លូវបេតុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។ ដោយជិះម៉ូតូម៉ាក
Zoomer x ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១DF ៤៧៣៣ ជិះតែម្នាក់ឯង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះជិះម៉ូតូ តាមបណ្តោយផ្លូវ៣១៧ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ៣១៧ បញ្ច្រាស់ទិសគ្នាពីលិចទៅកើតបុកចំពីមុខ ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតធ្លាក់ ចេញពីលើម៉ូតូបោកផ្ទប់ទៅនឹងថ្នល់បែកក្បាលនិងបាក់កស្លាប់ភ្លាមៗ។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួន បាត់ស្រមោលបន្សល់ទុកបំណែករថយន្តខ្លះៗ នៅនឹងកន្លែងកើតហេតុ។
យោងតាមសម្ដីមិត្តភក្កិបានប្រាប់ឱ្យដឹងថាជនរងគ្រោះទើបចេញពីកម្មវិធីខួបកំណើតមិត្តភក្កិក្នុងគោលបំណងជិះទៅផ្ទះវិញនៅខណ្ឌសែនសុខស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់បាត់បង់ជីវិតបែបនេះ ទៅវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕