
ភ្នំពេញ ៖ យុវតីជាសិស្សសាលាពីរនាក់ ជិះម៉ូតូឌុបគ្នាទៅរៀន ប៉ុន្តែជួបគ្រោះអកុសល ត្រូវរថយន្ត ស្ទូច បុកម៉ូតូពីក្រោយ បណ្តាល រងរបួសធ្ងន់ ហេតុការណ៏នេះស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ មុខផ្សារហេងលី ស្ថិតនៅក្នុងភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោង ៧ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្រ្គោះ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្រីសិស្សសាលាពីរនាក់ បើកម៉ូតូមួយគ្រឿងម៉ាក TODAY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1UE-7055 ឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅកាន់សាលារៀន ក្នុងទិសដៅពីជើងទៅត្បូង ខណមកដល់ចំណុចកើតហេតុ ក៏មានរថយន្តស្ទូចមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3F-6669 បើកបរស្របទិសដៅគ្នា បើកជ្រុលចង្កូតបុកម៉ូតូពីក្រោយរួចកិនក្មេងស្រីរងគ្រោះទាំងពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់។
សមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ទឹកថ្លា សហការជាមួយនគរបាលចរាចរណ៍ខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីវាស់វែង និងបានយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕