
ព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ភ្លាមនៅនិងកន្លែង និងពីរនាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវ កែវផុស ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង ៣០នាទីយប់។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងម៉ូតូម៉ាក Winer X គ្មានស្លាកលេខ និងរថយន្ត ម៉ាក Tacoma ពណ៌ស ស្លាកលេខ 2BB 2580 ធ្វើដំណើរបញ្ច្រាសទិសគ្នា លុះមកដល់ចំនុចកើតហេតុបានបុកគ្នាពេញទំហឹង បណ្ដាលអោយយុវជនម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះជិះម៉ូតូគ្នា៣នាក់ ១/ឈ្មោះ ហៀន គង់ (ប្រុស) អាយុ ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ស្លា.ប់) ២/ឈ្មោះ អួ ម៉ែត្រ (ប្រុស) អាយុ ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) ៣/ឈ្មោះ ខៀវ ពេជ្រ ពន្លឺ (ប្រុស) អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (រងរបួសធ្ងន់)។
ស.ព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តកែវផុស។ ចំណែកអ្នករងរបួស ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្រកាល់ម៉ែត្រ។ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ រថយន្ត និងម៉ូតូ ត្រូវបានប៉ូលិស អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទឹវហាវ ដើម្បីបន្តនីតិវិធី៕
