
កំពង់ស្ពឺៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីយកកាំបិត ពូថៅ កាប់ចាក់គ្នា។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថាៈ អំពើហិង្សានេះ បង្កឡើង ដោយ ឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិឃុំ ខាងលើ បានយក កាំបិតចិតបន្លែ ចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ ៤០ ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិឃុំ ខាងលើ ជាមួយគ្នា ចំនួនពីកាំបិត ត្រូវដើមដៃខាងឆ្វេង និងក្រោមដោះ ខាងស្តាំ បណ្តាលឱ្យស្លាប់។
លោកបានបន្តទៀតថាៈ ដំណើររឿង មុនកើតហេតុ ឈ្មោះ វ៉ែន វ៉ាន់ បានអង្គុយ ផឹកស៊ី នៅផ្ទះរបស់ខ្លួន មានគ្នាចំនួន ពីរនាក់ទៀត ។ នៅពេលកំពុងអង្គុយផឹក នោះ ឈ្មោះ ង៉ែត សុខសាន្ត មកនិយាយឌឺដង និងយកកាំបិតចុងស្រួច មកជន្លរលើឈ្មោះ វ៉ែន វ៉ាន់ ។ ពេលនោះ ឈ្មោះ វ៉ែន វ៉ាន់បានរត់ទៅយកពូថៅពី ក្នុងផ្ទះ មកកាប់លើឈ្មោះ ង៉ែត សុខសាន្ត ហើយឈ្មោះ ង៉ែត សុខសាន្ត បានចាក់ទៅលើ ឈ្មោះ វ៉ែន វ៉ាន់ បណ្តាលឱ្យស្លាប់ តែម្ដង។ ចំណែកឈ្មោះ ង៉ែត សុខសាន្ត របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ (ភ្នំពេញ) ៕