
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈបានចំនួន៦នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទី១ ឈ្មោះ ស៊ូ ដេវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ ជួន សូម៉ាត្រា ហៅចេក ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិប៉ប្រក់ ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣)ឈ្មោះ អៀង សាន់ថៃ ហៅឆៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ទី ៤)ឈ្មោះ សោម វិចិត្រ ហៅចិត្ត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅមិនពិតប្រាកដ ។ ទី៥)ឈ្មោះ សំ សុផាត ហៅផា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ ។ទី ៦) ឈ្មោះ ជួន វីរៈ ហៅអូន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិត ប្រាកដ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរូមមាន ម៉ូតូម៉ាកហុងដាស្កុបពីចំនួន០១គ្រឿង,កាបូបចំនួន០៤, អត្តសញ្ញាណប័ណ្ណចំនួន០៤សន្លឹក ,កាតចាក់វ៉ាក់សាំងចំនួន០៧សន្លឹក ,ប័ណ្ណ.ប.ស.ស.ចំនួន០២សន្លឹក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត ។
សមត្ថកិច្ចបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានល្បាតក្នុងមូលដ្ឋានចំណុចងាយរងគ្រោះ ស្រាប់តែឃើញជនសង្ស័យម្នាក់ជិះម៉ូតូអត់មានស្លាកលេខ ដោយមានការសង្ស័យទើបធ្វើការឃាត់ខ្លួនដើម្បីសួរនាំ។ ក្រោយពីសួរនាំជននោះបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ជាពិសេសនៅចំណុចមុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញតែម្តង និងមានបក្ខពួកផ្សេងទៀត។ បន្ទាប់មកទើបកម្លាំងនាំជនសង្ស័យស្រាវជ្រាវឃាត់ខ្លួនបក្ខពួកបន្ថែមទៀតតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍កំពុងកំសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែក ជំនាញចាត់ការបន្ត៕