
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងក្នុងល្បឿនលឿនបានធ្វើសកម្មភាពលើកជើងធាក់បំបាក់កញ្ចក់មើលក្រោយរបស់រថយន្តតូយ៉ូតាព្រូសមួយគ្រឿងដែលកំពុងឈប់រង់ចាំស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែន ហើយបុរសរូបនោះបានជិះម៉ូតូគេចដែរ តែត្រូវម្ចាស់រថយន្តបើកដេញតាម និងស្ទាក់ចាប់បាននៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្ដោយផ្លូវណតប្រ៊ីត កែងនឹងផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីឈានចូលព្រឹកថ្ងៃទី១៨ មករា ឆ្នាំ២០២១ ។
ភាគីខាងរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BG-0441 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1U-9393 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ព្រូស ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ រថយន្តនោះក៏បានឈប់រង់ចាំស្តុបពណ៌បៃតង ខណៈពេលនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីត បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា តាមពីក្រោយរថយន្ត រួចក៏បានជិះវ៉ាខាងឆ្វេងរថយន្ត និងបានលើកជើងធាក់កញ្ចក់មើលក្រោយចំហៀងខាងឆ្វេងរថយន្ត បណ្ដាលឲ្យបាក់ដាច់ចេញពីទ្វារ ក៏បន្ថែមល្បឿនម៉ូតូជិះគេចខ្លួនដែរ តែម្ចាស់រថយន្តក៏បានបើកដេញតាមពីក្រោយរហូតឃាត់ចាប់បាននៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈខាងលើតែម្ដង។
តាមប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកដល់ចំណុចស្តុបផ្សារដីហុយ ក៏បានជួបជាមួយម៉ូតូមួយខាងលើដែរ តែរថយន្តរបស់គាត់ និងម៉ូតូមិនបានប៉ះពាល់គ្នា ឬមានជម្លោះជាមួយគ្នាអ្វីនោះទេ ។ គាត់ក៏បានបើករថយន្តបន្តដំណើរជាធម្មតារហូតដល់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ គាត់ក៏បានឈប់រថយន្តដើម្បីរង់ចាំស្តុបពណ៌បៃតង ស្រាប់តែអ្នកបើកបរម៉ូតូរូបនោះបានជិះតាមពីក្រោយរថយន្ត និងបានធ្វើសកម្មភាពធាក់បំបាក់កញ្ចក់រថយន្តរបស់គាត់ រួចក៏ព្យាយាមបើកគេច ទើបគាត់បើករថយន្តដេញតាមតែម្តង។
តាមប្រភពពីម្ចាស់ម៉ូតូបានឆ្លើយបដិសេធថា រូបគាត់មិនបានលើកជើងធាក់បំបាក់កញ្ចក់រថយន្តនោះទេ គឺគាត់បានជិះវ៉ាជែងធ្វើឲ្យទាក់នឹងដៃចង្កូតម៉ូតូប៉ុណ្ណោះ ទើបគាត់ព្យាយាមជិះរត់គេចខ្លួនតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ និងបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ហើយភាគីខាងរថយន្តបានទាមទារសំណងចំនួន១០០ដុល្លារ តែដោយភាគីខាងម៉ូតូមានលទ្ធភាពត្រឹមតែ៧០ដុល្លារ ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តក៏ព្រមទទួលយកសំណងត្រឹម៧០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ និងបានឲ្យភាគីទាំងពីរធ្វើការចរចាគ្នា ហើយភាគីខាងរថយន្តបានទាមទារសំណងចំនួន១០០ដុល្លារ តែដោយភាគីខាងម៉ូតូមានលទ្ធភាពត្រឹមតែ៧០ដុល្លារ ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តក៏ព្រមទទួលយកសំណងត្រឹម៧០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕
\