
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ សហការជាមួយប្រជាពលរដ្ឋ បានឃាត់ខ្លួនចោរប្លន់ម្នាក់ ក្នុងចំណោមគ្នា ២នាក់ ដែលបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ជនរងគ្រោះពីប្ដីប្រពន្ធ ពុំបានសម្រេច ។
ខណៈដែលជនរងគ្រោះទាំង ២នាក់ប្ដីប្រពន្ធ រួមនឹងកូនតូចម្នាក់ទៀត កំពុងជិះម៉ូតូឌុបគ្នា មកពីដើរលេងវិញ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង ៣០នាទីយប់ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួន ឈ្មោះ មិត្ត ដេត ហៅ ម៉ៅ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឃ្លាំងស្ដុកអ៊ីវ៉ាន់ នៅភោជនីយដ្ឋានទន្លេបាសាក់ ស្នាក់នៅក្នុងឃ្លាំងស្តុកអ៊ីវ៉ាន់ខាងលើ ស្ថិតនៅក្នុងភូមិកើតហេតុ។ រីឯបក្សពួកម្នាក់ ដែលរត់គេចខ្លួនរួច ឈ្មោះ ផាន់ណា សេងថៃ ហៅ វែង ។
ចំណែកជនរងគ្រោះ ឈ្មោះ( ម៉ុត សារុំ ) ជាប្ដី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ប្រពន្ធឈ្មោះ (នូ សុវណ្ណារី ) អាយុ ៣០ឆ្នាំ និងកូនប្រុសម្នាក់ អាយុ ២ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលដដែល បានប្រាប់ថា នៅវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE-6661 លេខតួ និងលេខម៉ាស៊ីន 801241 ឌុបគ្នាត្រឡប់ពីដើរលេង នៅផ្សារអ៊ីអន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឆ្ពោះទៅផ្ទះ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យទាំង ២នាក់ ដែលកំពុងឈរនៅទីនោះ បានលោតធាក់ បណ្ដាលឲ្យដួលម៉ូតូ រួចព្រួតវាយជនរងគ្រោះ ជាប្ដី។
ប្រភពខាងលើ បានបន្តថា ខណៈនោះ ជនរងគ្រោះបានវាយតដៃវិញ ហើយជនសង្ស័យ ឈ្មោះ មិត្ត ដេត ហៅ ម៉ៅ ក៏បានស្ទុះទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះបម្រុងគេចខ្លួន។ ប៉ុន្តែត្រូវបានប្រពន្ធរបស់ជនរងគ្រោះ ចាប់ទាញដៃម៉ូតូ រួចយកមួកសុវត្ថិភាព វាយទៅលើជនសង្ស័យ បណ្តាលឲ្យដួល។ ស្របពេលនោះ មានអ្នកដំណើរ រួមទាំងនគរបាលល្បាតទៅដល់ ជួយចាប់ឃាត់ជនសង្ស័យ ឈ្មោះ មិត្ត ដេត ហៅ ម៉ៅ នេះបាន ព្រមទាំងដកហូតយកម៉ូតូមកវិញ។ ចំណែកបក្សពួកម្នាក់ទៀត បានគេចខ្លួន ទៅបាត់ស្រមោល។
នគរបាល បាននាំជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕